ស្វីស៖ ប្រមុខអង្គការសុខភាពពិភពលោក បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា លោកបានដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក បន្ទាប់ពីមនុស្សម្នាក់ដែលលោកបានប៉ះពាល់ ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ប៉ុន្តែបានសង្កត់ធ្ងន់ថា លោកមិនមានរោគសញ្ញាអ្វីទេ។
លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងបណ្ដាញសង្គមធ្វីតធ័រថា ខ្ញុំត្រូវបានគេបញ្ជាក់ប្រាប់ថា អ្នកដែលប៉ះពាល់ជិតស្និទ្ធជាមួយលោក ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។
លោកបានបន្ថែមថា លោកមានសុខភាពល្អធម្មតា និងគ្មានរោគសញ្ញាទេ ប៉ុន្តែលោកនឹងដាក់ខ្លួនឯងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របតាមពិធីសាររបស់អង្គការសុខភាពពិភពលោក និងធ្វើការពីផ្ទះ។
លោក Tedros បានស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែង របស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ដែលបានឆក់យកជីវិតមនុស្សជិត ១លាន ២សែននាក់ និងឆ្លងដល់មនុស្សជាង ៤៦លាននាក់នៅទូទាំងពិភពលោក ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន៕
អត្ថបទ៖ សុខមាន
