ក្រុមហ៊ួទីកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការចាត់ទុកពួកគេ ជា «អង្គការភេរវកម្មបរទេស (FTO)» ដោយហៅចំណាត់ការនេះថា ជាការវាយប្រហារដោយហេតុផលនយោបាយ លើអធិបតេយ្យភាពយេម៉ែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពី «ក្រសួងការបរទេស» ដែលគាំទ្រដោយក្រុមហ៊ួទី នៅក្នុងទីក្រុង Sanaa ក្រុមហ៊ួទី បានថ្កោលទោសការដាក់ចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិកថា ជា«ការប៉ុនប៉ងដោយចេតនាដើម្បីដាក់សម្ពាធលើប្រទេសយេម៉ែន និងបង្ហាញពីភាពលម្អៀងចំពោះអ៊ីស្រាអែល នៅក្នុងជម្លោះតំបន់ហ្ហាហ្សា ដែលកំពុងបន្ត»។
ក្រុមនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ការចាត់ទុក អង្គការភេរវកម្មនេះ ជាឧបករណ៍នយោបាយ ដោយលើកហេតុផលថា ការចាត់ថ្នាក់តំណាងឲ្យច្រើនជាងសកម្មភាពរដ្ឋបាល។ ផ្ទុយទៅវិញ ពួកគេចាត់ទុកវា ថាជាការវាយប្រហារលើសាមគ្គីភាពយេម៉ែន ជាមួយនឹងការតស៊ូរបស់ប៉ាឡេស្ទីន។
ក្រុមហ៊ួទី បានសង្កត់ធ្ងន់លើជំហរយុទ្ធសាស្ត្ររបស់ពួកគេ ក្នុងការគាំទ្រសិទ្ធិប៉ាឡេស្ទីន និងការពារបូរណភាពទឹកដីរបស់យេម៉ែន ដោយព្រមានថា «វិធានការបង្កហេតុ» បែបនេះ នឹងធ្វើឲ្យការតាំងចិត្តរបស់ពួកគេ កាន់តែរឹងមាំប៉ុណ្ណោះ។