នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃសុក្រ (ទី២៤ ខែមករា) នេះ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃទំនាក់ទំនងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក សម្រាប់ស្ថិរភាពក្នុងតំបន់ ខណៈដែលលោកព្យាយាមរៀបចំឲ្យមានជំនួបជាមួយប្រធានាធិបតី លោក Donald Trump។
លោក Ishiba បានថ្លែងប្រាប់រដ្ឋសភាថា៖ «នៅពេលដែលតុល្យភាពអំណាច នៅក្នុងតំបន់ ជួបប្រទះនឹងការប្រែប្រួលជាប្រវត្តិសាស្ត្រ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជប៉ុន-អាមេរិកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមវិធីសាស្ត្រជាក់ស្តែង»។
នៅក្នុងសុន្ទរកថាគោលនយោបាយនោះ លោកបានបន្ថែមថា ទីក្រុងតូក្យូ ក៏ត្រូវតែ «បន្តធានាឲ្យបាននូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់នេះ ដើម្បីបញ្ចៀសកុំឲ្យមានចន្លោះទំនេរនៃអំណាចដែលនាំទៅរកអស្ថិរភាព ក្នុងតំបន់»។
លោក Ishiba បានសង្កត់ធ្ងន់ថា៖ «ភាពជាអ្នកដឹកនាំជប៉ុន-អាមេរិក មានសារៈសំខាន់ ក្នុងការជួយពង្រឹងឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ ដោយបង្កើតបណ្តាញសន្តិសុខពហុស្រទាប់ ដែលរួមមានជប៉ុន-អាមេរិក-អូស្ត្រាលី-ឥណ្ឌា ជប៉ុន-អាមេរិក-កូរ៉េខាងត្បូង និងជប៉ុន-អាមេរិក-ហ្វីលីពីន»។
ការអត្ថាធិប្បាយរបស់លោក បានគូសបញ្ជាក់ពីការកក្រើករំពើក ជុំវិញការបង្កើនកម្លាំងយោធារបស់ចិន នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងគោលនយោបាយ «America First» (អាមេរិកជាអាទិភាពទី១) របស់លោក Trump ដែលអាចនឹងរាប់បញ្ចូលទាំងការទាមទារឲ្យសម្ព័ន្ធមិត្ត ដូចជាជប៉ុនជាដើម ផ្តល់ការចំណាយលើផ្នែកការពារជាតិកាន់តែច្រើនជាងមុន។
គួរបញ្ជាក់ថា លោក Ishiba បានជជែកតាមទូរសព្ទរយៈពេលខ្លីជាមួយលោក Trump ដែលពេលនោះជាប្រធានាធិបតីជាប់ឆ្នោត កាលខែវិច្ឆិកាឆ្នាំមុន ហើយត្រូវបានគេរាយការណ៍ថា លោកបានព្យាយាមរៀបចំឲ្យមានជំនួបជាមួយអ្នកគ្រប់គ្រងសេតវិមានថ្មី នៅខែមករា មុនពេលមានពិធីស្បថចូលកាន់តំណែង ប៉ុន្តែរឿងនេះមិនបានកើតឡើងនោះឡើយ៕