ក្រុមមន្រ្តី និយាយថា នៅថ្ងៃសុក្រនេះ រុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូនលើអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិល ៣នាក់ និងធ្វើឲ្យខូចខាតអគារស្នាក់នៅរបស់អ្នកស្រុក និងអគារពាណិជ្ជកម្ម ជាច្រើនខ្នង ។
ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយថា បំណែកយានដ្រូន បានសម្លាប់បុរស ២នាក់ និងស្រ្តីម្នាក់ នៅភាគកណ្តាលតំបន់គីវ ហើយមនុស្សម្នាក់ផ្សេងទៀត បានរងរបួស ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីតំបន់គីវ បានឲ្យដឹងថា ការវាយប្រហារនេះ បានបំផ្លិចបំផ្លាញ អគារផ្ទះល្វែងអ្នកស្រុកច្រើនជាន់ ផ្ទះឯកជនចំនួន ៨ខ្នង អគារពាណិជ្ជកម្មជាច្រើនខ្នង និងរថយន្តឯកជនជាច្រើនគ្រឿង ។ ក្រុមជួយសង្រ្គោះ ត្រូវបានគេមើលឃើញសែងសាកសពចេញពីប្លុកអគារផ្ទះល្វែងរងការខូចខាត ។
ស្របពេលសង្រ្គាមឈានចូលដល់រយៈពេល ៣សប្តាហ៍ រុស្ស៊ីបានបើកការវាយប្រហារតាមច្រកអាកាសលើអ៊ុយក្រែន ដោយពួកគេបញ្ចូនយានដ្រូនរាប់ពាន់គ្រឿងស្ទើតែរាល់យប់ ។
ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា កងកម្លាំងរុស្ស៊ី បាញ់បង្ហោះយានដ្រូនជាង ៧ពាន់គ្រឿងក្នុងឆ្នាំ ២០២៤ ដែលមានចំនួនកើនឡើងទ្វេដងដូចកាលពីឆ្នាំ ២០២៣ ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើននៃយានដ្រូនទាំងនេះ ត្រូវបានបាញ់ទម្លាក់ ឬផ្លាស់ប្តូរទិសដៅដោយឧបករណ៍សង្រ្គាមអេឡិចត្រូនិក ប៉ុន្តែយានដ្រូនមួយចំនួនទៀត នៅតែវាយប្រហារចំគោលដៅរបស់វា ៕