ផ្នែកជាច្រើននៃទន្លេ Hudson ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រែកជាកក អំឡុងអាកាសធាតុចុះត្រជាក់ខ្លាំងក្នុងទីក្រុងមួយនេះ ។ ផ្ទៃទន្លេកក បានបំបែកទៅជាផ្ទាំងទឹកកក ដោយផ្ទៃមេឃរបស់ទីក្រុង បានឆ្លុះឃើញក្នុងទឹកទន្លេ ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានចេញការព្រមានពីខ្យល់ត្រជាក់ខ្លាំង នៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ។ នៅទីក្រុងញូវយ៉ក សីតុណ្ហភាពដែលធ្លាក់ចុះក្រោម ២០អង្សាសេ បានវាយប្រហារទីក្រុងមួយនេះ ។
នៅដើមសប្តាហ៍នេះដែរ ព្យុះព្រិលវាយប្រហារផងដែរនៅទូទាំងតំបន់ឆ្នេរឈូងសមុទ្រសហរដ្ឋអាមេរិក តំបន់ North Florida បានគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់កាលពីថ្ងៃអង្គារ ។
រូបភាពវីដេអូឃ្លីបពីទីក្រុងប៉ាណាម៉ា ឃើញព្រិលធ្លាក់នៅតាមតំបន់ឆ្នេរ ហើយមនុស្សម្នា នាំគ្នាមើលព្រិលធ្លាក់ដ៏ក្រាស់នេះ ។
សារព័ត៌មានក្នុងស្រុក បានចាត់ទុកព្យុះព្រិលនេះថាជាប្រវត្តិសាស្រ្ត ខណៈអភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ជាការឆ្លើយតបនឹងព្យុះមួយនេះ ។ ថ្នាក់រៀននៅតាមតំបន់មួយចំនួន ត្រូវបានលុបចោល ហើយអគារធុរកិច្ច បានបិទទ្វារ ។
សូមបញ្ជាក់ថា ព្យុះព្រិលនៅតំបន់ឆ្នេរឈូងសមុទ្រសហរដ្ឋអាមេរិក បំបែកកំណត់ត្រាព្រិលធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាង ១សតវត្សរ៍កន្លងមកនេះ នៅតំបន់ភាគខាងត្បូង ខណៈតំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក មើលឃើញសីតុណ្ហភាពធ្លាក់ចុះដល់ក្រោមសូន្យអង្សារសេ ៕