កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការសហប្រជាជាតិ(UN)បានអំពាវនាវឲ្យមានថវិកា ៩១០លានដុល្លារ ដើម្បីជួយដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលជួបប្រទះការបះបោរអ៊ិស្លាម ចាប់តាំងពីឆ្នាំ ២០០៩រហូតមក និងរងគ្រោះដោយសារទឹកជំនន់កាលពីឆ្នាំមុន ។
ឯកសារដែលត្រូវបានចែករំលែកដោយអ្នកសម្របសម្រួលមនុស្សធម៌ និងអ្នកស្រុករបស់ UNលោក Mohamed Fall បានបង្ហាញថា មនុស្ស ៧,៨លាននាក់ ត្រូវការជំនួយនៅតាមរដ្ឋភាគឦសានចំនួន ៣ គឺរដ្ឋ Adamawa, Borno និងរដ្ឋ Yobe ហើយ UNមានគោលបំណងជួយដល់មនុស្ស ៣,៦លាននាក់ ក្នុងចំណោមពួកគេ ។
ឯកសារនោះបង្ហាញថា ថវិកា ៩១០លានដុល្លារ វាគឺជាវិបត្តិមនុស្សធម៌ថ្លៃបំផុតនៅអាហ្វ្រិកខាងលិច និងអាហ្វិកកណ្តាល នាំមុខប្រទេសឆាដ ម៉ាលី ប៊ូគីណាហ្វាសូ នីហ៊្សេ ។
UNធ្លាប់បាននិយាយកាលពីមុនថា ហានិភ័យនៅតំបន់ភាគឦសាននីហ្សេរីយ៉ា ក្លាយជាវិបត្តិត្រូវបានគេបំភ្លេចចោល ស្របពេលដែលការផ្តោតសំខាន់លើវិបត្តិមនុស្សធម៌ ងាកមកលើវិបត្តិកន្លែងផ្សេងវិញ ដូចជាសង្រ្គាមនៅអ៊ុយក្រែន ហ្កាហ្សា និងសង្រ្គាមស៊ូដង់ ។
របាយការណ៍រួមគ្នាមួយដោយរដ្ឋាភិបាល និង UNកាលពីខែវិច្ឆិកាកន្លងទៅ និយាយថា ប្រទេសនីហ្សេរីយ៉ា ប្រឈមនឹងវិបត្តិស្រេកឃ្លានមួយក្នុងចំណោមវិបត្តិស្រេកឃ្លានដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងនោះមនុស្សជាង ៣០លាននាក់ រំពឹងថានឹងជួបអសន្តិសុខស្បៀងក្នុងឆ្នាំនេះ ៕