រដ្ឋាភិបាលអ៊ីស្រាអែល និយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ពុំត្រូវបានអនុវត្តឲ្យបានលឿនគ្រប់គ្រាន់នោះទេ រយៈពេលប៉ុន្មានថ្ងៃ មុនពេលអ៊ីស្រាអែលត្រូវបញ្ចប់ការដកទ័ពរបស់ពួកគេចេញពីតំបន់ភាគខាងត្បូងលីបង់ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ។
គួរឲ្យដឹងថា អ៊ីស្រាអែល និងក្រុមជីវពលលីបង់ បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកាកន្លងទៅចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង នាំឲ្យបញ្ចប់ការប្រយុទ្ធគ្នាអស់រយៈពេលជាង ១ឆ្នាំ ។
ក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងអ៊ីស្រាអែល ត្រូវដកចេញពីប្រទេសលីបង់ ហើយកងកម្លាំងហេសបូឡា ត្រូវដកចេញពីតំបន់ភាគខាងត្បូងលីបង់ អំឡុងរយៈពេល ៦០ថ្ងៃ ដែលនឹងត្រូវបញ្ចប់នៅព្រឹកថ្ងៃចន្ទសប្តាហ៍ក្រោយ ។
លោក David Mencer គឺជាអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល និយាយថា មាននូវការបំលាស់ទីវិជ្ជមានរបស់កងទ័ពលីបង់ និងកងកម្លាំងថែរក្សាសន្តិភាព UNIFIL ធ្វើឡើងនៅតំបន់ភាគខាងត្បូងលីបង់ ប៉ុន្តែពួកគេធ្វើពុំបានលឿនគ្រប់គ្រាន់នោះទេ ។
លោក Mencer បានបញ្ជាក់ឡើងវិញថា អ៊ីស្រាអែលចង់ឲ្យកិច្ចព្រមព្រៀងមួយនេះបន្ត ប៉ុន្តែលោកពុំបានឆ្លើយតបចំៗចំពោះសំនួរថាតើអ៊ីស្រាអែល បានស្នើសុំបន្តកិច្ចព្រមព្រៀងឬយ៉ាងណានោះទេ ឬថាតើកងកម្លាំងអ៊ីស្រាអែល នឹងបន្តឈរជើងនៅប្រទេសលីបង់ឬអត់ ក្រោយឱសានវាទរយៈពេល ៦០ថ្ងៃ ៕