រដ្ឋមន្រ្តីសហព័ន្ធជាន់ខ្ពស់មួយរូបនិយាយថា មនុស្សយ៉ាងហោច ៨នាក់ បានស្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រយុទ្ធភ័ណ្ឌ ស្ថិតនៅភាគខាងលិច Maharashtra ប្រទេសឥណ្ឌានាថ្ងៃសុក្រនេះ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា រោងចក្រមួយនេះ ស្ថិតក្នុងស្រុក Bhandara មានចម្ងាយជិត ៨៣០គ.មពីរដ្ឋធានីហិរញ្ញវត្ថុម៉ុមបៃ ប្រទេសឥណ្ឌា ដោយមានផលិតគ្រាប់រំសេវ និងគ្រឿងផ្ទុះ ។
លោក Nitin Gadkari គឺជារដ្ឋមន្រ្តីដឹកជញ្ជូនសហព័ន្ធមកពីរដ្ឋ Maharashtra បាននិយាយក្នុងព្រឹត្តការណ៍នៅទីក្រុង Nagpur ថា មាននូវការផ្ទុះដ៏ធំមួយនៅរោងចក្រយុទ្ធភ័ណ្ឌក្នុងស្រុក Bhandara ។ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា មនុស្ស ៨នាក់ បានស្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត បានរងរបួស ។
នៅមុននេះ អភិបាលរដ្ឋ Maharashtra និយាយថា ដំបូលរោងចក្របានបាក់ ក្រោយការផ្ទុះ ហើយកម្មករប្រហែល ១៣-១៤នាក់ ត្រូវបានព្រួយបារម្ភថា ជាប់ខ្លួននៅក្រោមដំបូលរោងចក្រ ខណៈមនុស្ស ៥នាក់ ត្រូវបានជួយសង្រ្គោះ ។
គេនៅមិនទាន់ដឹងច្បាស់នោះឡើយថាតើ មូលហេតុអ្វីដែលបណ្តាលឲ្យកើតមានហេតុការណ៍ផ្ទុះនៅក្នុងរោងចក្រយុទ្ធភ័ណ្ឌបែបនេះ ៕