ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ ទី២៤ ខែមករា បានប្រកាសឈ្មោះចំណាប់ថ្នូរទាហានស្ត្រីជនជាតិអ៊ីស្រាអែល៤នាក់ដែលត្រូវដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ក្នុងការដោះដូរលើកទីពីរ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សា។
ក្រុមហាម៉ាស និយាយថា ទាហានស្ត្រីទាំង៤នាក់ ទាំងអស់នេះជាសមាជិកនៃអង្គភាពឃ្លាំមើលយោធាដែលបានបង្ហាញខ្លួននៅជិតតំបន់ហ្កាហ្សា នៅពេលដែលការវាយប្រហាររបស់ហាម៉ាសបានកើតឡើងនៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ នឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍នេះ។
ការដោះដូរនេះ ធ្វើឡើងបន្ទាប់ពីមានការដោះលែងកាលពីថ្ងៃអាទិត្យ ជាថ្ងៃដំបូងនៃបទឈប់បាញ់ នូវស្ត្រីអ៊ីស្រាអែល៣នាក់ និងអ្នកទោសប៉ាឡេស្ទីន៩០នាក់ ជាការដោះដូរលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា បញ្ជីឈ្មោះនេះ បានទទួលពីក្រុមអ្នកសម្របសម្រួល។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាននិយាយថាបញ្ជីឈ្មោះនេះមិនស្របទៅតាមកិច្ចព្រមព្រៀងដើមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសទេ។ របាយការណ៍ និយាយថាជនស៊ីវិលម្នាក់ឈ្មោះ Arbel Yehoud ត្រូវបានគេរំពឹងថានឹងមាននៅក្នុងបញ្ជីឈ្មោះ។
ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល បាននិយាយថា មន្ទីរពេទ្យកំពុងត្រូវបានរៀបចំដើម្បីទទួលចំណាប់ថ្នូរ ដែលបង្ហាញថាការដូរត្រូវបានគេរំពឹងថានឹងដំណើរការទៅមុខ។