ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា រដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២៥ ខែមករានេះ បានស្នើសុំពន្យារពេលការឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol ជាថ្មីម្តងទៀត ជុំវិញបំណងដាក់ច្បាប់អាជ្ញាសឹករបស់លោកដែលបានបរាជ័យ បន្ទាប់ពីតុលាការក្រុងសេអ៊ូលបានច្រានចោលការទាមទារកាលពីពេលមុន។
លោក Yoon ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ លើការចោទប្រកាន់ពីបទបះបោរ ដែលបានក្លាយជាប្រមុខរដ្ឋកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានឃុំខ្លួន នៅក្នុងការស៊ើបអង្កេតបទព្រហ្មទណ្ឌ។
ក្រឹត្យច្បាប់អាជ្ញាសឹករបស់លោកមានរយៈពេលប្រហែល៦ម៉ោងប៉ុណ្ណោះ មុនពេលក្រឹត្យនេះត្រូវបានបោះឆ្នោតច្រានចោលដោយសមាជិកសភា។
តុលាការ បានចេញដីកាសម្រាប់ការចាប់ខ្លួនលោកកាលពីសប្តាហ៍មុន ដោយនិយាយថាមានហានិភ័យដែលលោកនឹងបំផ្លាញភស្តុតាង ប៉ុន្តែអ្នកស៊ើបអង្កេត បាននិយាយថាឯកសារដើម ផុតកំណត់នៅថ្ងៃអង្គារ។
រដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីល្ងាចថ្ងៃសុក្រ តុលាការកណ្តាលនៅទីក្រុងសេអ៊ូល បានច្រានចោលសំណើរបស់ក្រុមអ្នកស៊ើបអង្កេតដើម្បីបន្តការឃុំខ្លួនលោក Yoon រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ដោយនិយាយថាវា «ពិបាករកភស្តុតាងគ្រប់គ្រាន់»។
សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ប៉ុន្មានម៉ោងក្រោយមក រដ្ឋអាជ្ញាបានដាក់សំណើថ្មីមួយទៀត។ ពេលនេះ វាត្រូវតែសម្រេចថាតើត្រូវចោទប្រកាន់លើលោក ពីបទ «ដឹកនាំការបះបោរ និងបទរំលោភបំពានអំណាច»ឬយ៉ាងណា ដូចដែលបានណែនាំដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) ដែលបានប្រគល់សំណុំរឿងនេះទៅពួកគេ។
លោក Yoon នៅតែស្ថិតក្នុងមណ្ឌលឃុំឃាំងក្នុងទីក្រុងសេអ៊ូល។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បានចោទប្រកាន់លោក Yoon ថាបានឃុបឃិតជាមួយអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក និងមេបញ្ជាការយោធាផ្សេងទៀត ដើម្បី «រំខានដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ»។