វីដេអូដែលចេញផ្សាយដោយ ទីភ្នាក់ងារUNRWA កាលពីថ្ងៃសុក្រ ទី២៤ ខែមករា បង្ហាញពីអ្វីដែលទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន បាននិយាយថា បុគ្គលិកកំពុងចែកចាយជំនួយនៅភាគខាងជើងតំបន់ហ្កាហ្សា។ ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា «ភ្លាមៗនៅពេលបទឈប់បាញ់បានចូលជាធរមាន ទីភ្នាក់ងារ UNRWA បាននឹងកំពុងធ្វើការឥតឈប់ឈរដើម្បីចាប់ផ្តើមចែកចាយជំនួយស្បៀងអាហារ នៅភាគខាងជើងតំបន់ហ្កាហ្សា។
ដោយឆ្លងកាត់សង្រ្គាមរយៈពេល១៥ខែ អង្គការសហប្រជាជាតិ បានពណ៌នាប្រតិបត្តិការមនុស្សធម៌របស់ខ្លួនថាជាឱកាសនិយម ប្រឈមមុខបញ្ហាជាច្រើនចំពោះប្រតិបត្តិការរបស់យោធាអ៊ីស្រាអែល ការរឹតបន្តឹងដំណើរការចូលរបស់អ៊ីស្រាអែល ទៅក្នុង និងនៅទូទាំងតំបន់ហ្កាហ្សា ហើយថ្មីៗនេះ មានការចូលលួច ធ្វើឡើងដោយក្រុមប្រដាប់អាវុធ។
អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាលើបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ដែលចាប់ដោយក្រុមសកម្មប្រយុទ្ធ ក្នុងអំឡុងពេលការវាយប្រហារដ៏បង្ហូរឈាមរបស់ពួកគេ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែលភាគខាងត្បូង បង្កឱ្យមានជម្លោះក្នុងពេលបច្ចុប្បន្ន។
កិច្ចព្រមព្រៀងនេះតម្រូវឱ្យរថយន្តដឹកជំនួយចំនួន៦០០គ្រឿង ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃនៃបទឈប់បាញ់រយៈពេល៦សប្តាហ៍ដំបូង រួមទាំងរថយន្តដឹកប្រេង៥០គ្រឿង។ ពាក់កណ្តាលនៃរថយន្តជំនួយចំនួន៦០០គ្រឿង នឹងត្រូវបញ្ជូនទៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលអ្នកជំនាញបានព្រមានថា គ្រោះទុរភិក្ស ជិតមកដល់។