កសិករនៅប្រទេសក្រិកដែលបានចេញតវ៉ា កំពុងតែទប់ទល់ជាមួយតម្លៃផលិតខ្ពស់ និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ បានមកប្រមូលផ្តុំគ្នានៅផ្លូវជាតិរបស់ប្រទេសដោយមានត្រាក់ទ័ររាប់រយគ្រឿង កាលពីថ្ងៃសុក្រ ទី២៤ ខែមករា នៅជិតទីក្រុង Karditsa ភាគខាងជើង ដោយគំរាមបិទផ្លូវធំៗ តភ្ជាប់ភាគខាងជើងទៅភាគខាងត្បូងប្រទេស។
ដំណាំរបស់ប្រទេសក្រិក មានប្រេងអូលីវ និងកប្បាស បានរងការវាយប្រហារដោយសីតុណ្ហភាពកើនឡើងខ្ពស់ ទឹកជំនន់ និងចំហេះព្រៃក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាគំរូជាក់ស្តែងនៃអាកាសធាតុក្តៅខ្លាំង ដែលអ្នកវិទ្យាសាស្ត្រផ្សារបានផ្សារភ្ជាប់ទៅនឹងបម្រែបម្រួលធាតុ ដែលបានជះឥទ្ធិពលដល់ការដាំដុះនៅទូទាំងអឺរ៉ុបភាគខាងត្បូង។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីរបស់ប្រទេសក្រិក លោក Kyriakos Mitsotakis បានផ្តល់ឱ្យកសិករនូវដោះស្រាយប្រាក់កម្ចីពុំបានទូទាត់វិញរាប់ពាន់លានដុល្លារដើម្បីជួយដល់វិស័យនេះ ដែលនឹងផ្តល់ប្រយោជន៍ដល់កសិករប្រមាណ២១.០០០នាក់។ លោក ក៏បានសន្យាថានឹងធ្វើកំណែទម្រង់ប្រព័ន្ធផ្តល់សំណងដល់កសិករនៅពេលដែលការចិញ្ចឹមសត្វ និងដំណាំរបស់ពួកគេ រងការខូចខាតដោយគ្រោះធម្មជាតិ។
ប្រទេសសក្រិក ក៏បានផ្តល់ការបន្ថយការបង់ពន្ធលើប្រេងម៉ាស៊ូតសម្រាប់ធ្វើកសិកម្ម និងកាត់ពន្ធលក់ដូរសម្រាប់ការទិញជី និងគ្រឿងចក្រ។ ប្រទេសនេះ បានចំណាយប្រាក់រាប់លានអឺរ៉ូ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់សំណងដល់កសិករសម្រាប់ដំណាំដែលខាតបង់ដោយសារទឹកជំនន់ដ៏មហន្តរាយ ឬកង្វះទឹកភ្លៀង។
ប៉ុន្តែកសិករដែលបានចាប់ផ្តើមការតវ៉ា និយាយថា វិធានការនេះមិនគ្រប់គ្រាន់ទេក្នុងពេលមានការកើនឡើងការចំណាយលើការផលិត រួមទាំងថាមពល និងការប្រកួតប្រជែងពីផលិតផលនាំចូល។