បាល់ទាត់៖ អ្នកចាត់ការក្លិបបាល់ទាត់ Rangers លោក Steven Gerrard បានក្លាយជាបេក្ខភាពឈានមុខគេដែលគេគិតថា នឹងអាចជំនួសតំណែងលោក Dean Smith ដែលត្រូវបានបណ្តេញចេញ។ បេក្ខភាពជាច្រើនត្រូវបាន Aston Villa ដាក់បញ្ចូលក្នុងបញ្ជីអ្នកចាត់ការដែលត្រូវជ្រើសរើសតែ Gerrard ពិតជាមានការចាប់អារម្មណ៍ខ្លាំងតាមរយៈសមិទ្ធផលរបស់គេដឹកនាំ Rangers ក្នុងអាជីពជាអ្នកចាត់ការដំបូងរបស់ខ្លួន។

បុរសវ័យ ៤១ឆ្នាំរូបនេះក៏មានភាពជិតស្និតជាមួយនាយកប្រត្តិបត្តិរបស់ Aston Villa ផងដែរលោក Christian Purslow ដែលធ្លាប់ជាអតីតនាយកបច្ចេកទេសនៅ Liverpool។ យ៉ាងណាក្តីអតីតខ្សែបម្រើរបស់ហង្សក្រហម Liverpool រូបនេះមិនមែនជាបេក្ខភាពតែមួយដែល Aston Villa កំពុងពិចារណានោះទេ ខណៈបេក្ខភាពផ្សេងទៀតមានដូចជាអ្នកចាត់ការក្រុមជំរើសជាតិប៊ែលហ្ស៊ិក Roberto Martinez ក៏ដូចជាអ្នកចាត់ការ Southampton បច្ចុប្បន្នលោក Ralph Hasenhuttl។ Aston Villa បច្ចុប្បន្នកំពុងឈរលេខ ១៦ ក្នុងតារាងក្របខណ្ឌ English Premier League ក្រោយលេងបាន ១១ប្រកួតមានតែ ១០ពិន្ទុពីលើតំបន់កាត់ចោលតែ ២ពិន្ទុប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ