ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កងនាវាចរណ៍នៃកងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ (IRGC) បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅក្នុងដែនទឹកភាគខាងត្បូង កាលពីថ្ងៃសុក្រ។
របាយការណ៍ បានលើកឡើងថា សមយុទ្ធនេះ កំពុងធ្វើឡើង នៅឆ្នេរសមុទ្រនៃខេត្ត Bushehr និង Khuzestan។
មេបញ្ជាការកងទ័ពជើងទឹក IRGC លោក Alireza Tangsiri បាននិយាយថា សមយុទ្ធនេះ មានគោលបំណងបង្ហាញ «សន្តិភាព និងមិត្តភាព» ដល់ប្រទេសជិតខាង ហើយអ៊ីរ៉ង់ និងរដ្ឋក្នុងតំបន់ អាចធានាសន្តិសុខ និងប្រឈមមុខនឹងការគំរាមកំហែងណាមួយ។
លោកក៏បាននិយាយផងដែរថា សមយុទ្ធនេះ បានផ្ញើសារទៅកាន់មហាអំណាចខាងក្រៅថា វត្តមានរបស់ពួកគេ បានរំខានដល់សន្តិសុខក្នុងតំបន់ ដោយបន្ថែមថា នាវាបាញ់មីស៊ីលថ្មី ដែលមានសមត្ថភាពអាចបង្កើនល្បឿនដល់ទៅជាង ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងគ្រប់មីនថ្មីរបស់ទ័ពជើងទឹក ក៏នឹងត្រូវដាក់បង្ហាញផងដែរ។