អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានបង្កឲ្យមានការជម្លៀសជនស៊ីវិល និងកងកម្លាំងរក្សាសន្តិភាពចំនួន ៩នាក់ រងរបួស។
លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ក្រុមមនុស្សធម៌របស់UN បានរាយការណ៍ថា ការប៉ះទង្គិចគ្នារវាងកងកម្លាំង រដ្ឋាភិបាល DRC និងក្រុមឧទ្ទាម M23 ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បានបង្ខំឲ្យមនុស្សជាង ៣៥.000នាក់ ភៀសខ្លួន ចេញពីអំពើហិង្សា នៅទីក្រុង Masisi ទៅកាន់កន្លែងផ្លាស់ទីលំនៅ ក្នុង និងជុំវិញទីក្រុង Goma ដែលជារដ្ឋធានីនៃខេត្ត North Kivu។
លោក Haq បាននិយាយថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ( DRC) ដែលត្រូវបានគេស្គាល់ថា MONUSCO បានរាយការណ៍ថា បានបង្កើនការគាំទ្ររបស់ខ្លួនដល់កងកម្លាំងប្រដាប់អាវុធកុងហ្គោ ដោយធ្វើការល្បាតរួមគ្នាទាំងយប់ទាំងថ្ងៃ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការគំរាមកំហែង ដល់ជនស៊ីវិល។
អ្នកនាំពាក្យរូបនេះ បានបន្តថា៖ «ជាអកុសល ក្នុងអំឡុងពេលប៉ះទង្គិចគ្នានេះ អ្នករក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន ៩ នាក់ បានរងរបួស។ «បច្ចុប្បន្នពួកគេ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ»។