ប្រណាំងរថយន្ត៖ កីឡាករកាតា Nasser Al Attiyah បានពន្លាតការនាំមុខគេក្នុងការប្រកួតប្រណាំងយានយន្តលើវាលខ្សាច់ Abu Dhabi Desert Challenge លើកទី៣០ ក្រោយឈ្នះការប្រកួតដំណាក់កាលទី៥។ កីឡាកររបស់ក្រុមប្រណាំង Toyota Hilux ជាមួយដៃគូ Mathieu Baumel បានបញ្ចប់ការប្រកួតដំណាក់កាលទី៥ ថ្ងៃអង្គារម្សិលមិញដោយមានថេរវេលា ១១នាទី ១៨វិនាទីពីមុខអ្នកលេខ២ កីឡាករប៉ូឡូញ Jakub Przygonski។

ចំណែកការប្រកួតផ្នែករថយន្តកំរិតស្រាល កីឡាករអារ៉ាប៊ីសាអ៊ូឌីត Saleh Al-Saif និងមិត្តរួមក្រុមសញ្ជាតិរុស្ស៊ី Egor Okhotikov បានឡើងមកនាំមុខរួមពីលើកីឡាកររុស្ស៊ី Pavel Lebedev។ រីឯការប្រកួតផ្នែករថយន្ត SSV កីឡាករប៉ូឡូញ Michal Goczal គឺជាអ្នកនាំមុខគេក្នុងតារាងវេលារួមផងដែរដោយមានវេលា ៣នាទី ៣៦វិនាទីនាំមុខកីឡាករអាមេរិក Austin Jones។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្ត Abu Dhabi Desert Challenge ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៩១ និងចុងក្រោយបំផុតនៅឆ្នាំ២០១៩ ជើងឯកគឺកីឡាករបារាំង Stephen Peterhansel ខណៈឆ្នាំ២០២០ កន្លងទៅត្រូវបានលុបចោលដោយសារវិបត្តិកូវីដ-១៩៕
អត្ថបទ៖នាង សុភាវុធ