ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីម៉ិកស៊ិក និយាយថា ម៉ិកស៊ិកបានបដិសេធន៍សំណើពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump អនុញ្ញាតឲ្យយន្តហោះយោធាសហរដ្ឋអាមេរិកនិរទេសជនអន្តោប្រវេសន៍ ចុះចតលើទឹកដីរបស់ខ្លួន ។
កាលពីថ្ងៃសុក្រកន្លងទៅ ជើងហោះហើរយោធាសហរដ្ឋអាមេរិក ២វ៉ុល និងជើងហោះហើរពាណិជ្ជកម្មជួល ១វ៉ុល ដែលដឹកជនអន្តោប្រវេសន៍ប្រហែល ៨០នាក់ ក្នុងជើងហោះហើរនិមួយៗនោះ ធ្វើដំណើរទៅកាន់ប្រទេសក្វាតេម៉ាឡា ។
ប៉ុន្តែផែនការឲ្យយន្តហោះដឹកជញ្ជូន C-17 ចុះចតនៅក្នុងប្រទេសម៉ិកស៊ិក ពុំបានបន្តតាមការគ្រោងទុកនោះឡើយ ក្រោយប្រទេសមួយនេះ បដិសេធន៍ការអនុញ្ញាត ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក និងមន្ទីរបច្ចកោណ ពុំបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ។
ក្រសួងការបទេសម៉ិកស៊ិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនមាននូវទំនាក់ទំនងដ៏អស្ចារ្យបំផុតជាមួយសហរដ្ឋអាមេរិក និងបានចូលរួមកិច្ចសហប្រតិប្តតិការលើបញ្ហាជាច្រើន ដូចជាបញ្ហាអន្តោប្រវេសន៍ ៕