ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកអាចនឹងពិចារណាលើការចូលរួមឡើងវិញជាមួយអង្គការសុខភាពពិភពលោក(WHO) ហើយលោកបន្តថា លោកនឹងសុំឲ្យអារ៉ាប៊ីសាអូឌីត បោះវិនិយោគទុនទឹកប្រហែល ១សែនកោដិដុល្លារ នៅសហរដ្ឋអាមេរិក ពោលគឺកើនឡើងពីចំនួនទឹកប្រាក់ ៦០០ពាន់លានដុល្លារដែលអារ៉ាប៊ីសាអូឌីត បានសន្យាវិនិយោគទុន ។
រជ្ជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានមានបន្ទូលប្រាប់លោក Trumpកាលពីសប្តាហ៍កន្លងទៅថា រាជាណាចក្ររបស់ព្រះអង្គ ចង់បោះទុន ៦០០ពាន់លានដុល្លារ ក្នុងវិស័យវិនិយោគទុន និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅរយៈពេល ៤ឆ្នាំក្រោយ ។
អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានកំណត់ចាកចេញពីអង្គការ WHO នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីលោក Trumpបានប្រកាសចំណាត់ការបែបនេះកាលពីថ្ងៃចន្ទ ក្រោយលោកស្បថឡើងកាន់តំណែងសម្រាប់អាណត្តិទី ២របស់លោកនៅសេតវិមាន ៕