ទាហាន ១៣នាក់ ដែលបម្រើការជាមួយកងកម្លាំងថែរក្សាសន្តិភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយឧទ្ទាមមកពីក្រុមចលនា ២៣ ឧសភា(M23)។
យោធាអាហ្វ្រិកខាងត្បូង និយាយថា ទាហានរបស់ខ្លួន៩នាក់ បានស្លាប់ អំឡុងពេលរុញច្រានការមកដល់របស់ក្រុមឧទ្ទាមនៅទីក្រុង Goma ស្ថិតនៅភាគខាងកើតកុងហ្គោ ខណៈទាហាន ម៉ាឡាវី ៣នាក់ និងទាហានអ៊ុយរុយហ្គាយម្នាក់ ត្រូវបានសម្លាប់ផងដែរ ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកបាននិយាយជាមួយក្រុមមេដឹកនាំកុងហ្គោ និងរ្វ៉ាន់ដា ស្របពេលមានការអំពាវនាវសកលោកឲ្យបញ្ចប់អំពើហិង្សា ។
ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ(UN) បានដកបុគ្គលិកមិនចាំបាច់ទាំងអស់របស់ខ្លួនចេញពីទីក្រុង Goma គឺជាទីក្រុងមួយមានពលរដ្ឋជាង ១លាននាក់ ខណៈការប្រយុទ្ធគ្នាកាន់តែតានតឹងខ្លាំង ។
មន្ទីរពេទ្យ Bethesda ស្ថិតក្នុងទីក្រុង Goma មានអ្នករងរបួសដ៏ច្រើនលើសលប់ ពេលដែលគ្រោះថ្នាក់ពីការវាយប្រហាររបស់ក្រុមឧទ្ទាម M23 ចេះតែបន្តកើនឡើង ក្នុងនោះជនរងគ្រោះ នាំគ្នារៀបរាប់ពីរឿងរ៉ាវរន្ធត់នៃការរស់រានរបស់ពួកគេ ។
បុគ្គលិកមន្ទីរពេទ្យ ប្រឹងប្រែងទប់ទល់លំហូរអ្នករងរបួស បង្កើតជាជម្រកសំពត់តង់សង្រ្គោះបន្ទាន់ជុំវិញបរិវេណមន្ទីរពេទ្យ ដើម្បីផ្តល់កន្លែងព្យាបាលដល់អ្នករងរបួស ។
ក្រុម M23គឺជាក្រុមចុងក្រោយគេនៃក្រុមបះបោរដឹកនាំដោយក្រុមជនជាតិភាគតិច Tutsi ដែលបានក្រោកឈរប្រឆាំងកងកម្លាំងកុងហ្គោ ។
ក្រោយរឹបអូសបានទីក្រុង Minova កាលពីថ្ងៃអង្គារ ក្រុមយុទ្ធជន M23បានបន្តការវាយប្រហាររបស់ពួកគេចូលទៅក្នុងទីក្រុង Sake ស្ថិតនៅចម្ងាយប្រហែល ២០គ.មពីទីក្រុង Goma ។
ស្របពេលនោះដែរ ការព្រួយបារម្ភពីការមកដល់បន្ថែមទៀតរបស់ក្រុមឧទ្ទាម បានកើតមាននៅក្នុងចំណោមអ្នកស្រុករបស់នៅទីក្រុង Goma បង្ខំឲ្យម្ចាស់ហាងមួយចំនួនបិទអាជីវកម្មរបស់ពួកគេ ៕