ភ្នំពេញ ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ទទួលបានការចុះបញ្ជីជាផ្លូវការនៃក្រុមហ៊ុនឯកជន បានចំនួនជាង ៩ពាន់សំណើរ និងកំពុងពិនិត្យលើក្រុមហ៊ុនអាជីវកម្មចំនួនជាង ៩០០សំណើរផ្សេងទៀត ស្ថិតក្នុងការពិនិត្យសម្រាប់ចុះបញ្ជីជាផ្លូវការ។
យោងតាមរបាយការណ៍មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះបាន អនុម័តការចុះបញ្ជីប្រកបដោយជោគជ័យ មានចំនួនប្រមាណ ៩ ២២៩ សំណើរ និងកំពុងត្រួតពិនិត្យ មានចំនួន ៩៨៦សំណើរ។
ចំណែកចំនួននាមករណ៍ដែលបានបម្រុងទុក មានក្រុមហ៊ុន អាជីវកម្មប្រមាណជាង ៧ ពាន់សំណើរ និងកំពុងពិនិត្យបន្ថែមជិត ៣០០ សំណើរផ្សេងទៀត ពោលគឺការចុះបញ្ជីតាមថ្នាលអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយ បើគិតជាមធ្យមបានអនុម័ត ជាផ្លូវការប្រមាណ ៨ សំណើរ ក្នុងមួយថ្ងៃៗ ។
ពាក់ព័ន្ធក្រសួង-ស្ថាប័នដែលបានអនុវត្តចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ខាងលើរួមមាន ៖ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ចំពោះភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យរួមមាន ៖ អាហរ័ណនីហរ័ណ ទិញលក់ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទមានជាង ៣៨%, សកម្មភាពអចលនវត្ថុជាង ១០%, កម្មន្តសាលជាង ៨%, សកម្មភាពសេវាកម្ម ស្នាក់នៅ និងអាហារជាង ៨%, សកម្មភាពវិជ្ជាជីវៈវិទ្យាសាស្រ្ត និងបច្ចេកទេសជាង ៧%, និងវិស័យផ្សេងៗទៀតជាង ២៧% ផងដែរ ។
ដោយឡែកទំហំវិនិយោគតាមវិស័យ ក្នុងនោះសម្រាប់ការសាងសង់មានជាង ២៧%, សកម្មភាពអចលនវត្ថុជាង ១៥%, អាហរ័ណ នីហរ័ណទិញ លក់ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទជាង ១៥%, កម្មន្តសាលជិត ១៤%, សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង ជិត ៩%, និងវិស័យផ្សេងទៀតជាង១៩%។
ក្រៅពីការអនុវត្តចុះបញ្ជីស្ថាប័នខាងលើ, រាជរដ្ឋាភិបាលបានបន្តអនុវត្តចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ទៅតាមប្រភេទនៃសកម្មភាពអាជីវកម្ម ដោយមានការចូលរួមពីក្រសួង-ស្ថាប័នចំនួន៤ បន្ថែមទៀតរួមមាន ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ចាប់អនុវត្តពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ កន្លងមក។
សូមបញ្ជាក់ថា ក្នុងរយៈវគ្គទីមួយ ការអនុវត្តចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ទទួលបានចំនួនពាក្យស្នើសុំសរុបជិត ៧ ០០០ សំណើ, ក្នុងនោះបានអនុម័តមានជាង ៦ ០០០ សំណើរ, បើគិតជាទំហំទុនវិនយោគមានចំនួនជាង ២ ៦០០ លានដុល្លារអាមេរិក៕
អត្ថបទ ៖ សុន រ៉ាឌី