ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ (២៥ មករា) ថា លោកកំពុងពិភាក្សាជាមួយមនុស្សជាច្រើនជុំវិញការទិញកម្មវិធីវីដេអូខ្លី TikTok ហើយទំនងជានឹងមានការសម្រេចចិត្តលើអនាគតរបស់កម្មវិធីដ៏ពេញនិយមនេះក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា "យើងបាននិយាយទៅកាន់មនុស្សជាច្រើនអំពី TikTok ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ចំពោះ TikTok" ដោយបង្ហើបថា កិច្ចព្រមព្រៀងនឹងកើតមានឆាប់ៗប្រហែល ៣០ថ្ងៃ។

នៅព្រឹកថ្ងៃដដែលនោះ សារព័ត៌មានរ៉យទ័របានរាយការណ៍ដោយសម្អាងដល់ប្រភពថា រដ្ឋបាលរបស់លោក Trump កំពុងធ្វើការលើផែនការមួយដើម្បីរក្សាទុក TikTok ដែលពាក់ព័ន្ធនឹងការជំរុញឱ្យក្រុមហ៊ុនសូហ្វវែរ Oracle និងក្រុមអ្នកវិនិយោគខាងក្រៅរបស់អាមេរិកមួយចំនួនទៀត ក្នុងការគ្រប់គ្រងប្រតិបត្តិការរបស់កម្មវិធី TikTok ប្រកបដោយប្រសិទ្ធភាព។
ប្រភពលើកឡើងថា នៅក្រោមកិច្ចព្រមព្រៀងទិញលក់ដែលសម្របសម្រួលដោយសេតវិមាននោះ ក្រុមហ៊ុនមេរបស់ TikTok មានមូលដ្ឋាននៅចិនគឺ ByteDance នឹងនៅតែមានភាគហ៊ុនក្នុងក្រុមហ៊ុននោះ ប៉ុន្តែការប្រមូលទិន្នន័យ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីនឹងត្រូវបានត្រួតពិនិត្យដោយក្រុមហ៊ុន Oracle ដែលជាអ្នកផ្តល់នូវមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធបណ្តាញ TikTok រួចទៅហើយ៕

