អ្នកនាំពាក្យទីភ្នាក់ងារ CIA បាននិយាយកាលពីថ្ងៃសៅរ៍ (២៥ មករា) ថា ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់កណ្តាល CIA របស់សហរដ្ឋអាមេរិក បានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ១៩ គឺ "ទំនងជា" កើតចេញពីមន្ទីរពិសោធន៍ ជាជាងកើតឡើងពីធម្មជាតិ។
ច្រើនឆ្នាំមកនេះ ទីភ្នាក់ងារនេះបាននិយាយថាខ្លួនមិនអាចសន្និដ្ឋានបានទេថា តើកូវីដ១៩ គឺជាលទ្ធផលនៃឧប្បត្តិហេតុមន្ទីរពិសោធន៍ ឬមានប្រភពដើមពីធម្មជាតិ។ ប៉ុន្តែនៅក្នុងសប្តាហ៍ចុងក្រោយនៃរដ្ឋបាលលោក Biden អតីតនាយក CIA លោក William Burns បានស្នើឱ្យអ្នកវិភាគ និងអ្នកវិទ្យាសាស្ត្រ CIA ធ្វើការប្តេជ្ញាចិត្តច្បាស់លាស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃជំងឺរាតត្បាតនេះ។
ទោះជាយ៉ាងណាក្ដី CIA និយាយថា ខ្លួនមាន "ទំនុកចិត្តទាបប៉ុណ្ណោះ" ចំពោះការវាយតម្លៃដែលថា "ប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ទំនងជាទាក់ទងនឹងការស្រាវជ្រាវ" ហើយបញ្ជាក់ថា សេណារីយ៉ូទាំងពីរ - គឺប្រភពពីមន្ទីរពិសោធន៍ និងប្រភពពីធម្មជាតិ - នៅតែអាចជឿជាក់បាន។

គេមិនច្បាស់ទេថា តើទីភ្នាក់ងារនេះប្រមូលព័ត៌មានសម្ងាត់ថ្មីច្រើនប៉ុណ្ណាពីប្រភពដើមនៃកូវីដ១៩ និងក៏មិនច្បាស់ដែរថាតើភស្តុតាងថ្មីនេះត្រូវបានប្រើដើម្បីបង្កើតការវាយតម្លៃចុងក្រោយនេះ ឬយ៉ាងណាទេ។
រដ្ឋាភិបាលចិននិយាយថា ខ្លួនគាំទ្រ និងបានចូលរួមក្នុងការស្រាវជ្រាវដើម្បីកំណត់ប្រភពដើមនៃកូវីដ១៩ ហើយបានចោទទីក្រុងវ៉ាស៊ីនតោន ពីការធ្វើនយោបាយលើបញ្ហានេះ ជាពិសេសដោយសារតែកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ទីភ្នាក់ងារចារកម្មអាមេរិក ក្នុងការស៊ើបអង្កេត។ ទីក្រុងប៉េកាំងនិយាយថា ការអះអាងពីការលេចធ្លាយវីរុសពីមន្ទីរពិសោធន៍ដែលទំនងជាបណ្តាលឱ្យមានជំងឺរាតត្បាតនេះ គឺជារឿង "មិនគួរឱ្យជឿជាក់" នោះទេ៕


