អេត្យូពី៖ នៅរដ្ឋធានី Addis Ababa របស់ប្រទេសអេត្យូពី ក្រុមអ្នកស្រុកបានរៀបរាប់អំពីទុក្ខព្រួយរបស់ពួកគេ ខណៈដែលបេសកជនរបស់សហភាពអាហ្វ្រិកសម្រាប់ឧបទ្វីបអាហ្វ្រិក Horn of Africa បានព្រមានកាលពីថ្ងៃចន្ទថា នៅសល់ពេលតិចតួចណាស់ក្នុងការដោះស្រាយវិបត្តិនៅភាគខាងជើងប្រទេសអេត្យូពី ដែលបានយ៉ាប់យ៉ឺនខ្លាំងក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។

វាបានកើតឡើងស្របពេលដែលមានការវាយលុកកាន់តែខ្លាំងឡើង ពីសំណាក់កងកម្លាំងឧទ្ទាមTigray ប្រឆាំងនឹងរដ្ឋាភិបាល។ មានសញ្ញានៃវិបត្តិកាន់តែជ្រៅឡើងដែលកំពុងប៉ះពាល់ ដល់ប្រជាពលរដ្ឋសាមញ្ញនៅក្នុងប្រទេសក្រីក្រមួយនេះផងដែរ។ សាលារៀនត្រូវបានបិទដោយសារតែសង្គ្រាម ហើយជំងឺរាតត្បាតសកលកំពុងធ្វើឱ្យក្លាយជាឆ្នាំដ៏លំបាកសម្រាប់មនុស្សគ្រប់គ្នា។ មានភាពតានតឹងកើនឡើងហើយមនុស្សកំពុងតស៊ូដើម្បីបញ្ចប់វិបត្តិសេដ្ឋកិច្ចក្នុងសម័យសង្គ្រាមនេះ។ យុវជនត្រូវបានជំរុញឱ្យចូលបម្រើកងទ័ព និងប្រយុទ្ធក្នុងសមរភូមិ។ ការប្រមូលផ្តុំគ្នាជារៀងរាល់សប្ដាហ៍ ដែលអំពាវនាវឱ្យក្រុមអ្នកស្ម័គ្រចិត្តក្រោកឡើងលើកអាវុធប្រយុទ្ធកំពុងកើនឡើង។ ប៉ុន្តែយុវជនជាច្រើនមានការព្រួយបារម្ភចំពោះខ្លួនឯង និងប្រទេសរបស់ពួកគេ។
សាលារៀនជាច្រើនត្រូវបានបិទដោយសារតែជំងឺរាតត្បាតសកល និងសង្គ្រាមផងដែរ ប៉ុន្តែកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងអប់រំបាននិយាយថា ការប្រឡងថ្នាក់ជាតិនឹងបន្តឡើងវិញ បន្ទាប់ពីពន្យារពេលអស់រយៈពេល ៤ខែកន្លងមក។ ប៉ុន្តែសិស្សជាច្រើននៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅក្នុងតំបន់ Tigray និង Amhara នឹងមិនអាចអង្គុយប្រឡងបានទេដោយសារបញ្ហាអសន្តិសុខ។ សាលារៀនជាច្រើននៅក្នុង និងជុំវិញតំបន់ជម្លោះបានក្លាយជាជម្រកសម្រាប់មនុស្សចំនួន ១.៧លាននាក់ដែលកំពុងជម្លៀសពីការវាយប្រយុទ្ធគ្នា៕
អត្ថបទ៖ សុខមាន