ហ្វូងប្រជាជនភៀសខ្លួនប៉ាឡេស្ទីនយ៉ាងច្រើនកុះករ បានប្រមូលផ្ដុំគ្នានៅទីធ្លាដ៏ធំមួយក្នុងតំបន់ Wadi របស់ដែនដីហ្កាហ្សា នៅថ្ងៃអាទិត្យ (២៦ មករា) នេះ ដើម្បីរង់ចាំចូលទៅកាន់ភាគខាងជើងហ្កាហ្សា មួយថ្ងៃបន្ទាប់ពីចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់ និងអ្នកទោសប៉ាឡេស្ទីន ២០០នាក់ ត្រូវបានដោះដូរ ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
មនុស្សម្នារាប់រយនាក់ រួមទាំងស្រ្តី និងកុមារ ត្រូវបានគេមើលឃើញថាកំពុងឈររង់ចាំ ដោយមានបង្វិច វ៉ាលី កាបូប និងឥវ៉ាន់ផ្សេងៗទៀត ខណៈរថយន្តគិលានសង្រ្គោះបើកឆ្លងកាត់យ៉ាងមមាញឹក ដោយរង់ចាំការបើកផ្លូវដើម្បីបន្តដំណើរដ៏វែងឆ្ងាយរបស់ពួកគេទៅភាគខាងជើង។

អ៊ីស្រាអែល បានបិទការចូលទៅភាគខាងជើងនៃដែនដីជម្លោះនេះកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបរាជ័យក្នុងការដោះលែងចំណាប់ថ្នូរម្នាក់ ដែលជាស្រ្តីជនជាតិអ៊ីស្រាអែល នៅក្នុងការដោះដូរអ្នកទោសលើកទីពីរ ជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់ដំណាក់កាលទីមួយដែលមានបំណងបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមរយៈពេល ១៥ខែនៅតំបន់ហ្កាហ្សា។
អ្នកនាំពាក្យយោធាអីស្រាអែល បានហៅការបរាជ័យដោះលែងចំណាប់ថ្នូរនោះថា ជាការបំពានបទឈប់បាញ់ ខណៈក្រុមហាម៉ាស និយាយថានោះជាបញ្ហាបច្ចេកទេសបន្តិចបន្តួចប៉ុណ្ណោះ។ មន្រ្តីហាម៉ាសម្នាក់និយាយថា ក្រុមខ្លួនបានជូនដំណឹងអ្នកសម្រុះសម្រួលពីបញ្ហានេះរួចហើយថា ចំណាប់ថ្នូរនោះនៅមានជីវិត ហើយនឹងត្រូវដោះលែងនៅថ្ងៃសៅរ៍សប្ដាហ៍ក្រោយគឺនៅថ្ងៃទី០១ ខែកុម្ភៈ៕

