ក្រុមអ្នកតវ៉ាអ៊ីស្រាអែល ជាច្រើននិងសាច់ញាតិរបស់ចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅតែត្រូវជាប់ឃុំឃាំងក្នុងតំបន់ហ្កាហ្សា បានប្រមូលផ្ដុំគ្នាតវ៉ានៅខាងក្រៅក្រសួងការពារជាតិរបស់ប្រទេសក្នុងទីក្រុង Tel Aviv និងចេញពីទីលានចតុរង្គចំណាប់ថ្នូរ កាលពីថ្ងៃសៅរ៍ (២៥ មករា) ដោយអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំដែលនៅសេសសល់ទាំងអស់។

កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមហាម៉ាស បានដោះលែងទាហានអ៊ីស្រាអែលស្រីបួននាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ២០០នាក់ នៅក្នុងការផ្លាស់ប្តូរលើកទីពីរក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា។
ប៉ុន្តែចំណាប់ថ្នូរប្រមាណ ៩០នាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល ដែលបានប្រកាសថា ប្រហែលមួយភាគបីនៃអ្នកទាំងនោះបានស្លាប់ដោយកំបាំងមុខ។
សាច់ញាតិរបស់ចំណាប់ថ្នូរដែលនៅតែត្រូវបានគេឃុំឃាំងនៅហ្កាហ្សា និងអ្នកគាំទ្ររបស់ពួកគេបាននិយាយថា ការវិលត្រឡប់របស់ចំណាប់ថ្នូរកាលពីថ្ងៃសៅរ៍នោះបានធ្វើឱ្យពួកគេរីករាយ ប៉ុន្តែពួកគេនឹងនៅតែបន្តតវ៉ាទាមទារឱ្យនាំយកអ្នកដទៃទៀតទាំងអស់ត្រឡប់មកវិញ៕

