ប្រទេសឥណ្ឌា បានប្រារព្ធទិវាសាធារណរដ្ឋលើកទី៧៦ របស់ខ្លួនជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំនៅទីក្រុង New Delhi ក្នុងថ្ងៃអាទិត្យ (២៦ មករា) នេះ ខណៈប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu និងលោកនាយករដ្ឋមន្ត្រី Narendra Modi បានដឹកនាំការប្រារព្ធពិធី ដោយមានវត្តមានប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ជាភ្ញៀវកិត្តិយស។
ក្បួនដង្ហែនោះបានបង្ហាញពីសមត្ថភាព កម្លាំង ភាពក្លាហាន ប្រពៃណី និងវប្បធម៌យោធារបស់ប្រទេសនៅ 'ដងផ្លូវ Kartavya Path' ដែលជាមហាវិថីប្រារព្ធពិធីរបស់ឥណ្ឌា ដោយមានការចូលរួមពីក្រុមយោធាឥណ្ឌូណេស៊ី និងកងកម្លាំងប្រដាប់អាវុធជាតិរបស់ឥណ្ឌា។ មនុស្សម្នារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ដោយអបអរសាទរការហែក្បួនដ៏ធំ និងការសម្តែងរបាំ។

កងវរសេនាធំទ័ពសេះដែលនៅមានសកម្មភាពតែមួយគត់លើពិភពលោក គឺកងវរសេនាធំទ័ពសេះទី៦១ យានយាធាគ្រប់ផ្នែក ប្រព័ន្ធអាវុធ Akash យន្តហោះប្រហែល ៤០គ្រឿង រួមទាំងយន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌាចំនួន ២២គ្រឿង បានចូលរួមក្នុងកម្មវិធីនេះ ដោយហោះហើរនៅលើផ្លូវអាកាសដើម្បីអមក្បួនអំឡុងពេលព្យុហយាត្រា។
ឥណ្ឌា បានទទួលឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ប៉ុន្តែរហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០ ទើបប្រជាជាតិនេះបានប្រកាសខ្លួនជារដ្ឋសាធារណៈអធិបតេយ្យ ជាមួយនឹងការអនុម័តរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយធ្វើឱ្យថ្ងៃ២៦ មករា ត្រូវចាត់ទុកជាទិវាសាធារណរដ្ឋរបស់ជាតិ៕


