ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ បានប្រកាសដាក់ប្រើប្រាស់អនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្ម ឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា អមជាមួយការប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមផងដែរ។
ក្នុងពិធីប្រកាសដាក់ប្រើប្រាស់នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា បច្ចុប្បន្ន អក្ខរកម្មឌីជីថល កំពុងមានតម្រូវការចាំបាច់ដើម្បីទ្រទ្រង់ដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តាមវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ជូនយុវជនទូទៅ បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាសម្រាប់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អោយមានជំនាញនេះ នឹងជួយទ្រទ្រង់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ និងធានាបានឧត្តមភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍ជាតិ តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យា បំរើដល់ការគ្រប់គ្រង និងការអភិវឌ្ឍ នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាព និងក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ដើម្បីចូលរួមជម្រុញចលនាទេសចរណ៍ និងការផ្តល់សេវាទេសចរណ៍នៅកម្ពុជា មានភាពល្អប្រសើរនិងមានភាពទាក់ទាញថែមទៀត គឺយើងពឹងផ្អែកខ្លាំង នឹងការសម្របខ្លួន ដោយបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច ត្រូវស្រូបយក និងសម្របខ្លួន ទៅនឹងបច្ចេកវិទ្យាថ្មីៗ តាមរយៈចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម និងអាចស្វែងរកធនធានបន្ថែម ដែលមាននៅលើអ៊ីនធឺណិត។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ដើម្បីទទួលបានធនធានជំនាញឌីជីថលក្នុងវិស័យទេសចរណ៍នេះ គឺយើងត្រូវបន្តពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីការសិក្សានៅកម្រិតមូលដ្ឋាន មធ្យមសិក្សាទុតិយភូមិ, និងបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ទាំងសាលាចំណេះទូទៅ សាលាវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលការអប់រំផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៅក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការពង្រឹងសមត្ថភាព។
បើតាមឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា៤.០ ថ្លែងថា មកដល់បច្ចុប្បន្ននេះ បានបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ជូនយុវជនបានចំនួនប្រមាណជា៤០០០នាក់ លើមុខវិជ្ជាជាង ៤៧ ហើយបច្ចុប្បន្នយើងក៏កំពុងបន្តការបណ្តុះបណ្តាលយុវជនផ្សេងៗជាច្រើនទៀត៕
អត្ថបទ ស៊ុម សុខជា