ការដោះលែងចំណាប់ខ្មាំងលើកទី២ក្នុងកិច្ចព្រមព្រៀងឈប់បាញ់បានកើតឡើងកាលពីថ្ងៃសៅរ៍ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu បានឲ្យដឹងថាក្រុមហាម៉ាស ពុំបានដោះលែងចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានគ្រោងដោះលែងនោះទេ។

ការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានធ្វើឱ្យបទឈប់បាញ់នៅតំបន់ហ្កាហ្សា ក្លាយជាការសាកល្បងថ្មីមួយ ខណៈអ៊ីស្រាអែល បានចោទប្រកាន់ថាមានការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួនពីរលើក។

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថាក្រុមហាម៉ាស បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចូលជាធរមានកាលពីមួយសប្តាហ៍មុន ហើយរហូតមកដល់ពេលនេះបានដោះលែងចំណាប់ខ្មាំង៧នាក់ និងអ្នកទោសប៉ាឡេស្ទីនរាប់សិបនាក់។

ការដោះលែងចំណាប់ខ្មាំងលើកទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់ដំណាក់កាលទីមួយ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា ក្រុមហាម៉ាសមិនបានដោះលែងចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានសន្មត់ថាត្រូវបានដោះលែងនោះទេ។
ជាមួយគ្នានោះដែរក្រុមហាម៉ាស និងអ៊ីស្រាអែល បានចោទប្រកាន់គ្នាទៅវិញមក ជុំវិញការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់។
ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Benjamin Netanyahu ថា ក្នុងអំឡុងពេលការអនុវត្តន៍ដំណាក់កាលទីពីរនៃការដោះដូរចំណាប់ខ្មាំងកាលពីថ្ងៃសៅរ៍ ក្រុមហាម៉ាស បានរំលោភលើបទឈប់បាញ់ចំនួនពីរលើក។លោក Arbel Yehud ជាចំណាប់ខ្មាំងជនស៊ីវិលដែលគ្រោងនឹងដោះលែងនៅថ្ងៃសៅរ៍មិនត្រូវបានដោះលែងទេ ហើយបញ្ជីលម្អិតនៃស្ថានភាពចំណាប់ខ្មាំងទាំងអស់មិនត្រូវបានផ្តល់ឱ្យឡើយ៕