ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (២៦ មករា) ថា លោកបានដាក់វិធានការសងសឹកយ៉ាងទូលំទូលាយលើប្រទេសកូឡុំប៊ី រួមទាំងពន្ធគយ និងទណ្ឌកម្ម បន្ទាប់ពីប្រទេសអាមេរិកខាងត្បូងមួយនេះ បានបដិសេធយន្តហោះយោធាអាមេរិកពីរគ្រឿង ដែលដឹកជនអន្តោប្រវេសន៍កំពុងនិរទេស ជាផ្នែកមួយនៃការបង្ក្រាបអន្តោប្រវេសន៍របស់រដ្ឋបាលសហរដ្ឋអាមេរិកថ្មី។

កូឡុំប៊ី ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់សហរដ្ឋអាមេរិកនៅអាមេរិកឡាទីន បានឆ្លើយតបយ៉ាងរហ័ស ដោយបានគំរាមយកពន្ធ ៥០% លើទំនិញរបស់អាមេរិក។ ប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេស គឺលោក Gustavo Petro ក្រោយមកបានបង្ហោះនៅលើបណ្ដាញសង្គម X ថា លោកបានបញ្ជាឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មដំឡើងពន្ធលើការនាំចូលរបស់អាមេរិកចំនួន ២៥%។

វិធានការសងសឹករបស់លោក Trump រួមមានការដាក់ពន្ធ ២៥% លើទំនិញកូឡុំប៊ីទាំងអស់ចូលមកក្នុងអាមេរិក ដែលនឹងកើនឡើងដល់ ៥០% ក្នុងមួយសប្តាហ៍ រួមទាំងបម្រាមការធ្វើដំណើរ និងការដកទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី និងដាក់គ្រាអាសន្នរតនាគារ ធនាគារ និងទណ្ឌកម្មហិរញ្ញវត្ថុជាដើម។

កូឡុំប៊ីគឺជាប្រទេសទីពីរហើយនៅអាមេរិកឡាទីន ដែលបដិសេធជើងហោះហើររបស់យោធាអាមេរិកបែបនេះ។ សកម្មភាពដាក់ទណ្ឌកម្មរបស់លោក Trump បានបង្ហាញពីសាច់ដុំគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក និងឆន្ទៈជាថ្មីរបស់លោកក្នុងការបង្ខំឱ្យប្រទេសនានាគោរពតាមបំណងប្រាថ្នារបស់ខ្លួន៕