អាជ្ញាធរលីបង់បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ២២នាក់ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ (២៦ មករា) ខណៈថ្ងៃកំណត់សម្រាប់ការដកទ័ពរបស់ពួកគេបានកន្លងផុតទៅ ហើយមនុស្សរាប់ពាន់នាក់បានព្យាយាមត្រឡប់ទៅផ្ទះសម្បែងវិញ ដោយផ្គើននឹងបទបញ្ជាហាមប្រាមរបស់យោធាអ៊ីស្រាអែល។

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួននឹងរក្សាទុកកងទ័ពនៅភាគខាងត្បូង លើសពីកាលបរិច្ឆេទកំណត់ថ្ងៃអាទិត្យក្នុងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានបញ្ឈប់សង្គ្រាមកាលពីឆ្នាំមុនជាមួយក្រុមហេសបូឡា ដោយនិយាយថា លីបង់មិនទាន់បានអនុវត្តលក្ខខណ្ឌពេញលេញនោះទេ ដែលតម្រូវឱ្យភាគខាងត្បូងលីបង់គ្មានកងកម្លាំងហេសបូឡា ហើយកងទ័ពលីបង់ត្រូវដាក់ពង្រាយជំនួសវិញ។

ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្ស ២២នាក់ត្រូវបានសម្លាប់ និង ១២៤នាក់ផ្សេងទៀតរងរបួស ក្នុងទីតាំងជាច្រើននៅភាគខាងត្បូង ដែលជាលទ្ធផលនៃអ្វីដែលខ្លួនពណ៌នាថាជាការវាយប្រហាររបស់អ៊ីស្រាអែលលើពលរដ្ឋ ខណៈពួកគេកំពុងព្យាយាមចូលទៅក្នុងទីប្រជុំជនដែលនៅតែកាន់កាប់ដោយទាហាន។

យោធាអ៊ីស្រាអែលនិយាយថា កងទ័ពរបស់ខ្លួន "ប្រតិបត្តិការនៅភាគខាងត្បូងលីបង់ បានបាញ់ព្រមានដើម្បីលុបបំបាត់ការគំរាមកំហែងនៅក្នុងតំបន់មួយចំនួន ដែលជនសង្ស័យត្រូវគេកំណត់អត្តសញ្ញាណ បានចូលទៅជិតកងទ័ព"៕