ប្រជាជនប៉ាឡេស្ទីន បានថ្កោលទោសយ៉ាងខ្លាំងចំពោះសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដើម្បីឱ្យពួកគេផ្លាស់ទីលំនៅចេញពីតំបន់ហ្កាហ្សាស្ទ្រីប ហើយបញ្ជូនទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ជាសំណើដែលបានបង្កើនការព្រួយបារម្ភពីការបោសសម្អាតជនជាតិភាគតិច។

លោក Trump កាលពីថ្ងៃសៅរ៍ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដល់ពេលដែលត្រូវសម្អាត ចេញពីតំបន់ហ្កាហ្សាស្ទ្រីប(Gaza Strip) ដែលត្រូវឡោមព័ទ្ធដោយអ៊ីស្រាអែល ដោយជំរុញឱ្យមេដឹកនាំនៃប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ទទួលយកជនជាតិប៉ាឡេស្ទីនពីដែនដីហ្កាហ្សា ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។

សំណើនេះត្រូវបានច្រានចោលដោយប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ទន្ទឹមនឹងអាជ្ញាធរប៉ាឡេស្ទីន មានមូលដ្ឋាននៅទីក្រុង រ៉ាម៉ាឡា (Ramallah)បាននិយាយថា សំណើនេះនឹងរំលោភលើ "បន្ទាត់ក្រហម" របស់ខ្លួន ស្របពេលក្រុមអ្នកស្រុកហ្កាហ្សាទទូចថាពួកគេនឹងមិនចាកចេញពីតំបន់ឆ្នេរដែលរងការបំផ្លិចបំផ្លាញនេះឡើយ។

ពលរដ្ឋប៉ាឡេស្ទីន បានប្រាប់សារព័ត៌មាន Al Jazeera ពីជំរំជនភៀសខ្លួន Nuseirat នៅកណ្តាលដែនដីហ្កាហ្សាថា មិនអាចទៅរួចទេ ដែលត្រូវឲ្យប្រជាជនទទួលយករឿងនេះ។ អ្នកទន់ខ្សោយអាចចាកចេញដោយសារតែទុក្ខលំបាកដែលពួកគេបានស៊ូទ្រាំ ប៉ុន្តែគំនិតនៃការចាកចេញពីប្រទេសរបស់យើងពិតជាមិនអាចទៅរួចទេ។
ប្រជាពលរដ្ឋហ្កាហ្សាជាច្រើនទៀត ក៏បដិសេធគំនិតនេះដែរ។ប្រសិនបើយើងចង់ចាកចេញ យើងនឹងធ្វើជាយូរមកហើយ។ សង្រ្គាមប្រល័យពូជសាសន៍ដែលពួកគេកំពុងប្រព្រឹត្តប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននឹងមិនសម្រេចឡើយ ហើយយើងនឹងនៅតែរស់នៅទីនេះ ទោះមានអ្វីកើតឡើងក៏ដោយ៕