'ហ្វីលីពីន និងចិន បានចោទដាក់គ្នាទៅមកកាលពីថ្ងៃសៅរ៍ (២៥ មករា) ជុំវិញកំណើនភាពតានតឹងនៅដែនទឹកជម្លោះ ដោយទីក្រុងម៉ានីលនិយាយថា ខ្លួនបានផ្អាកការស្ទាបស្ទង់បែបវិទ្យាសាស្ត្រនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវានេសាទរបស់ខ្លួនចំនួនពីរ ដែលកំពុងប្រមូលសំណាក បានប្រឈមមុខនឹង "ការប៉ះទង្គិច" និងសកម្មភាពកម្រោលពីឆ្មាំល្បាតឆ្នេរ និងកងទ័ពជើងទឹករបស់ចិន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ឆ្មាំល្បាតឆ្នេរចិន និយាយថា ទីក្រុងប៉េកាំងមាន "អធិបតេយ្យភាពដែលមិនអាចប្រកែកបាន" លើប្រជុំកោះ ស្រ្ពាតលី (Spratly) រួមទាំងដែនទឹក សែនឌី ខេ (Sandy Cay) ដែលចិនហៅថាថ្មប៉ប្រះទឹក ទៀស៊ាន (Tiexian Reef) ហើយថាបានស្ទាក់ចាប់នាវាហ្វីលីពីនពីរគ្រឿង ហើយបណ្ដេញចេញទៅតាមច្បាប់។

ឆ្មាំល្បាតឆ្នេរចិន បន្ថែមថា នាវាហ្វីលីពីននោះបានចូលដែនទឹកក្បែរថ្មប៉ប្រះទឹក Tiexian ដោយគ្មានការអនុញ្ញាត ហើយបានព្យាយាមចូលចតដោយខុសច្បាប់នៅលើថ្មប៉ប្រះទឹកដើម្បីប្រមូលសំណាកខ្សាច់។

ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង។ ចិន ទាមទារស្ទើរតែទាំងអស់នូវផ្លូវទឹកយុទ្ធសាស្ត្រនេះ ដែលមានពាណិជ្ជកម្ម ៣សែនកោដិ៍ដុល្លារឆ្លងកាត់ជារៀងរាល់ឆ្នាំ ជាការអះអាងអធិបតេយ្យភាពត្រួតស៊ីគ្នាដោយហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម៕