មន្រ្តីម្នាក់បាននិយាយនៅថ្ងៃចន្ទ (២៧ មករា) នេះថា អាជ្ញាធរកូរ៉េខាងត្បូង ដែលស៊ើបអង្កេតលើការធ្លាក់យន្តហោះ Jeju Air កាលពីខែមុន បានដាក់របាយការណ៍គ្រោះថ្នាក់បឋម ទៅកាន់ទីភ្នាក់ងារអាកាសចរណ៍របស់អង្គការសហប្រជាជាតិ និងទៅអាជ្ញាធរសហរដ្ឋអាមេរិក បារាំង និងថៃ ខណៈមូលហេតុពិតប្រាកដនៃសោកនាដកម្មនេះនៅតែមិនទាន់ដឹងច្បាស់នៅឡើយ។

របាយការណ៍ដែលចេញផ្សាយនៅថ្ងៃចន្ទនេះបាននិយាយថា ការស៊ើបអង្កេតលើគ្រោះមហន្តរាយផ្លូវអាកាស ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅលើដីប្រទេសនេះនៅតែបន្ត ដោយផ្តោតលើតួនាទីនៃ "ការបុកហ្វូងបក្សី" និងពាក់ព័ន្ធនឹងការវិភាគនៃម៉ាស៊ីន និងរចនាសម្ព័ន្ធណែនាំការចុះចត "អង់តែន"។ របាយការណ៍បន្ថែមថា "សកម្មភាពស៊ើបអង្កេតអស់ពីសមត្ថភាពនេះ មានបំណងកំណត់ពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់"។

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ តម្រូវឱ្យអ្នកស៊ើបអង្កេតគ្រោះថ្នាក់ បង្កើតរបាយការណ៍បឋមក្នុងរយៈពេល ៣០ថ្ងៃនៃឧបទ្ទវហេតុនេះ ហើយលើកទឹកចិត្តឱ្យមានរបាយការណ៍ចុងក្រោយត្រូវផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេល ១២ខែ។
គួររម្លឹកថា យន្តហោះ Boeing 737-800 ហោះពីទីក្រុងបាងកក ហើយគ្រោងនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ Muan បានធ្លាក់ពីផ្លូវរត់ ខណៈចុះចតបន្ទាន់ ហើយបុកជញ្ជាំងអង់តែនជំនួយការចុះចត រួចក៏ផ្ទុះឆេះដោយបានសម្លាប់មនុស្ស ១៧៩នាក់ និងបុគ្គលិក ២នាក់រួចជីវិត កាលពីថ្ងៃទី២៩ ខែធ្នូ៕