ការប៉ះទង្គិចគ្នារយៈពេលខ្លី បានផ្ទុះឡើងរវាងនគរបាល និងក្រុមបាតុករ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា បន្ទាប់ពីមានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំដោយសន្តិវិធី នៅខាងក្រៅសភា ក្នុងទីក្រុងអាថែន(Athens)។
ប្រជាជនក្រិករាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នាដើម្បីទាមទាររកយុត្តិធម៌ជុំវិញឧបទ្ទវហេតុរថភ្លើងកាលពីឆ្នាំ២០២៣ ដែលបានបណ្តាលឲ្យមនុស្ស៥៧នាក់ស្លាប់ ក្នុងមហន្តរាយរថភ្លើងដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។

ក្រុមអ្នកតវ៉ា បានកាន់បដាមានអំណានថា «ខ្ញុំគ្មានអុកស៊ីហ្សែនទេ» ដោយលើកឡើងនូវពាក្យចុងក្រោយរបស់ស្ត្រីម្នាក់នៅក្នុងការហៅទូរស័ព្ទទៅកាន់អង្គភាពសេវាសង្គ្រោះបន្ទាន់ ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីសប្តាហ៍មុន។

អ្នកស្រី Maria Karistianou ដែលកូនស្រីអាយុ២០ឆ្នាំរបស់នាង នាងMarti Psaropoulou បានស្លាប់នៅក្នុងឧបទ្ទវហេតុ បាននិយាយថា ពួកគេនឹងមិនឈប់ធ្វើបាតុកម្មនោះទេ រហូតដល់មានអ្នកទទួលខុសត្រូវ ហើយយុត្តិធម៌ ត្រូវបានផ្តល់ដល់ជនរងគ្រោះ។
នាង Katerina Krokou ជាអ្នកតវ៉ាមានអាយុ២១ ឆ្នាំ បានសម្តែងភាពសោកសៅចំពោះការធំដឹងក្តីក្នុងកាលៈទេសៈបែបនេះ និងបាននិយាយអំពីការព្រួយបារម្ភរបស់នាងក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនណាមួយក្នុងករណីមានរឿងរ៉ាវកើតឡើង។
ឧបទ្ទវហេតុរថភ្លើងនេះ បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសក្រិក និងនៅក្រៅប្រទេស ជាកន្លែងដែលត្រូវបានគេមើលឃើញថា បណ្តាលមកពីការធ្វេសប្រហែសរបស់អង្គភាពសេវាសាធារណៈ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុរយៈពេលមួយទសវត្សរ៍។