ភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក បានចុះស្វែងរកជនអន្តោប្រវេសន៍គ្មានឯកសារ នៅក្នុងទីក្រុង សានហ៊ួន(San Juan) ដែនដី ព័រតូរីកូ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា។

យោងតាមសាក្សីបានឱ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិ(HSI) ដែលបានដាក់គោលដៅលើអគារមួយ ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់១០ នាក់ ត្រូវបានឃុំខ្លួន។

លោក Ramon Munoz ម្ចាស់អគារបានប្រាប់សារព័ត៌មានរ៉យទ័រថា ភ្នាក់ងារបានសម្រុកចូល ដោយវាយបំបែកទ្វារ បណ្តាលឱ្យខូចខាតច្រើន។ លោកនិយាយថា «ក្រឹត្យរបស់ប្រធានាធិបតី ត្រូវតែបានគោរព ប៉ុន្តែពុំមែនដោយអំពើហិង្សានោះទេ»។
ដោយឡែក លោកស្រី Jose Rodriguez ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់សាធារណរដ្ឋដូមីនិក ក្នុងដែនដី Puerto Rico បានរិះគន់ចំណាត់ការនេះ និងបានបញ្ជាក់ពីភាពផ្ទុយគ្នានៅក្នុងការធានាដែលធ្វើឡើងដោយអភិបាលដែនដី Puerto Rico។
លោកស្រី Rodriguez បានជំរុញឱ្យជនជាតិដូមីនិក នៅដែនដី Puerto Rico ជៀសវាងការបង្ហាញពីប្រភពដើមរបស់ពួកគេដល់អាជ្ញាធរ និងអំពាវនាវឱ្យមានវិសោធនកម្មទីប្រាំ ដែលការពារបុគ្គលពីការចោទប្រកាន់ និងការធានាបានដំណើរការត្រឹមត្រូវ។
នៅថ្ងៃដំបូងនៃការចូលកាន់តំណែង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសអំពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ថាជាគ្រាអាសន្នជាតិ ដោយបានបញ្ជាឲ្យយោធាអាមេរិកការពារសន្តិសុខនៅតាមព្រំដែន។ លោក ក៏បានអនុវត្តបម្រាមសិទ្ធិជ្រកកោនយ៉ាងទូលំទូលាយ និងបានដាក់ចេញវិធានការរឹតត្បិតសញ្ជាតិសម្រាប់កុមារ ដែលកើតនៅលើដីសហរដ្ឋាអាមេរិក។