ជនអន្តោប្រវេសន៍ជាង ១.០០០នាក់ រួមមានជនជាតិវេណេស៊ុយអេឡាជាច្រើននាក់ បានចាប់ផ្ដើមធ្វើដំណើរពីទីក្រុង Tapachula ភាគខាងត្បូងប្រទេសម៉ិកស៊ិក ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា ទោះបីជាការណាត់ជួបរបស់ពួកគេដើម្បីស្វែងរកសិទ្ធិជ្រកកោន ត្រូវបានលុបចោល បន្ទាប់ពីការចូលកាន់តំណែងរបស់លោក Donald Trump ក៏ដោយ។

ជនអន្តោប្រវេសន៍ម្នាក់ និយាយថា លោកនិងក្រុមគ្រួសារ បានបាត់សំបុត្រយន្តហោះ ហើយមានការផ្តល់ការអនុញ្ញាតឱ្យដឹកជញ្ជូនដោយឥតគិតថ្លៃ បន្ទាប់ពីការណាត់ជួបរបស់ក្រុមជនអន្តោប្រវេសន៍ ត្រូវបានលុបចោល ប៉ុន្តែក្រោយមកពួកគេគ្មានជម្រើសអ្វីក្រៅពីការធ្វើដំណើរដោយថ្មើរជើង។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថាការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ជាគ្រាអាសន្នជាតិ ហើយបានដាក់ការបង្ក្រាបយ៉ាងខ្លាំងចាប់តាំងពីចូលកាន់តំណែង កាលពីថ្ងៃចន្ទ ទី២០ ខែមករា។