គិតត្រឹមថ្ងៃទី២៧ ខែមករានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បានជាង ៩៤% ដោយចំណាយថវិកាប្រមាណជិត ១ ពាន់ ៤០០លានដុល្លារ និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានដឹកនាំអង្គការ ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ១១០នាក់ អញ្ជើញទស្សនកិច្ច អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិនេះ។
សូមបញ្ជាក់ថា កាលពីដើមខែមករាកន្លងទៅ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោមសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតចំនួន ១១ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥នេះ ខណៈព្រលានយន្តហោះតេជោបានរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរបានរហូតដល់ទៅ ៦ ដងលើសព្រលានបច្ចុប្បន្ន។
គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនកម្ពុជា អូស៊ីអាយស៊ី (OCIC) និងរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ បូរ៉ាវី













