ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២៥ ឬហៅម្យ៉ាងទៀតថា ពិធីបុណ្យនិទាឃរដូវ គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ចិន ដែលមានរយៈពេល ១៥ ថ្ងៃ។

នៅក្នុងឆ្នាំ២០២៥នេះ ពិធីបុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅថ្ងៃពុធទី ២៩ខែមករា សប្ដាហ៍នេះ និងបញ្ចប់នៅថ្ងៃពុធទី១២ខែកុម្ភៈអមដោយពិធីបង្ហោះគោម។ពិធីនេះមានគោលបំណងជំរុញការផ្សះផ្សាជាតិ សន្តិភាព និងការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។

ពិធីបុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជច្រើន នៅក្នុងប្រទេសចិន និងក្នុងចំណោមសហគមន៍អាស៊ីបូព៌ា តំបន់អាស៊ី និងនៅទូទាំងពិភពលោក។
ពិធីបុណ្យចូលឆ្នាំចិននីមួយៗត្រូវបានភ្ជាប់ទៅនឹងសត្វមួយក្នុងចំណោមសត្វទាំង ១២ នៃរាសីចក្រចិន ហើយឆ្នាំ២០២៥នេះ គឺជាឆ្នាំតំណាងឲ្យសត្វពស់ឬឆ្នាំពស់ ដែលជាសត្វក្នុងលេខរៀងទី៦នៅក្នុងវដ្តនៃរាសីចក្រ។ ពស់តំណាងឱ្យប្រាជ្ញា ភាពស្រស់បំព្រង និងវិចារណញាណ។

ទោះបីជាមានប្រភពនៅក្នុងវប្បធម៌របស់ប្រទេសចិន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានក្លាយជាព្រិត្តិការណ៍ដ៏ល្បីល្បាញទូទាំងសកលលោក ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសជាច្រើន ដូចជា សិង្ហបុរី ម៉ាឡេស៊ី វៀតណា និងទីក្រុងធំៗលើពិភពលោក ដូចជា ទីក្រុង New York ទីក្រុង London និងទីក្រុង Sydneyជាដើម។
ព្រឹត្តិការណ៍នានា រួមទាំងពិធីដង្ហែក្បួន ពិធីបាញ់កាំជ្រួចភ្ញី ពិធីសិល្បៈបង្ហាញវប្បធម៌ និងការជួបជុំគ្នាក្នុងគ្រួសារដ៏សប្បាយរីករាយនៅតាមសហគមន៍នានាទូទាំងពិភពលោក៕