អ៊ីស្រាអែល នៅថ្ងៃចន្ទ (២៧ មករា) នេះ បានចាប់ផ្តើមអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនប៉ាឡេស្ទីន ត្រឡប់ទៅតំបន់ហ្កាហ្សាភាគខាងជើង ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ជាលើកដំបូងចាប់តាំងពីសង្រ្គាមរយៈពេល ១៥ខែជាមួយក្រុមហាម៉ាស ស្របតាមបទឈប់បាញ់ដ៏ផុយស្រួយមួយ។

ប្រជាជនប៉ាឡេស្ទីន រាប់ម៉ឺននាក់បានធ្វើដំណើរតម្រង់ទៅកាន់ភាគខាងជើង បន្ទាប់ពីរង់ចាំជាច្រើនថ្ងៃដើម្បីឆ្លងកាត់ ខណៈមនុស្សម្នាជាច្រើន ត្រូវបានគេមើលឃើញឆ្លងកាត់ច្រករបៀង Netzarim ភ្លាមៗបន្ទាប់ពីម៉ោង ៧ព្រឹក (ម៉ោងក្នុងស្រុក) នៅពេលប៉ុស្តិ៍ត្រួតពិនិត្យបានបើក។

ការបើកផ្លូវនេះត្រូវបានពន្យារពេលពីរថ្ងៃមកហើយ ជុំវិញជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលនិយាយថាក្រុមសកម្មប្រយុទ្ធនេះផ្លាស់ប្តូរលំដាប់លំដោយចំណាប់ខ្មាំងដែលខ្លួនដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ អ្នកសម្របសម្រួលបានដោះស្រាយបញ្ហានោះក្នុងពេលមួយយប់។

គួររម្លឹកថា អ៊ីស្រាអែលបានបញ្ជាឱ្យជម្លៀសចេញជាទ្រង់ទ្រាយធំនៅភាគខាងជើងក្នុងថ្ងៃដំបូងនៃសង្គ្រាម ហើយបិទតំបន់នោះចោលភ្លាមៗ បន្ទាប់ពីទាហានជើងគោកបានចល័តចូល។ មនុស្សប្រហែល ១លាននាក់បានភៀសខ្លួនទៅភាគខាងត្បូង ក្នុងខែតុលា ឆ្នាំ២០២៣ ហើយមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញទេ។
មនុស្សរាប់សែននាក់នៅតែបន្តស្ថិតនៅភាគខាងជើងនៅពេលនោះ ដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត និងរងបំផ្លិចបំផ្លាញដ៏អាក្រក់បំផុតនៃសង្គ្រាម៕