ស្ទឹងត្រែង ៖ បន្ទាប់ពីការរត់ចេញពីគុកខេត្តស្ទឹងត្រែង អស់រយៈពេលពីរថ្ងៃ អ្នកទោសចំនួន៣នាក់ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកវិញជាបន្ដបន្ទាប់ ហើយការស្វែងរកអ្នកទោស៤នាក់ទៀត កំពុងត្រូវបានធ្វើបន្ត។
នគរបាលខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ទី១.មានឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ ជាប់ទោសពីបទជួញដូរគ្រឿងញៀន ,ទី២.ឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំ រឿងបទល្មើសជួញដូរគ្រឿងញៀន អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទី៣.ឈ្មោះ កិត ងិន ជាប់៤ឆ្នាំ រឿងបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា ក្រុមអ្នកទោសចំនួន៧នាក់ បានហែកគុករត់គេចខ្លួន កាលពីវេលាម៉ោង៣និង២០នាទី ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ ដោយការគាស់ក្ដារជញ្ជាំងបន្ទប់ឃុំឃាំង រួចនាំគ្នាទម្លុះរបងថ្ម ខណៈដែលឆ្មាំគុក បានបញ្ជាក់ថា ក្នុងយប់កើតហេតុនោះ វាមានភាពចៃដន្យ គឺអំពូលភ្លើងតាមបង្គោល បានដាច់ងងឹតឈឹង ហើយអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈរបស់ខេត្ត ក៏បានដាច់ដែរ ធ្វើឲ្យឱកាសនៃការរត់គេចកាន់តែល្អ សម្រាប់ពួកអ្នកទោសទាំងនោះ ព្រោះកម្លាំងអនុរក្ស ពិបាកក្នុងការតាមប្រមាញ់ ដោយមើលមិនឃើញ។
កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង ពិសេសស្រុកថាឡាបរិវ៉ាត់ បាននឹងកំពុងខិតខំតាមស្វែងរកចាប់ ខ្លួនអ្នកទោស៤នាក់ទៀត ៕
អត្ថបទ៖ មាស ផល្លា



