យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា សង្គ្រាមដ៏បង្ហូរឈាមនៅដែនដីហ្កាហ្សា បាននិងកំពុងបំផ្លិចបំផ្លាញដល់កុមារ ដោយតួលេខច្រើនជាង ១៣.០០០នាក់ត្រូវបានសម្លាប់ និងប្រមាណ ២៥.០០០នាក់បានរងរបួស ហើយយ៉ាងហោចណាស់ ២៥.០០០នាក់ផ្សេងទៀត ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារកង្វះអាហារូបត្ថម្ភ។

ការរកឃើញនេះ ស្របគ្នានឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរងនៃអង្គការសហប្រជាជាតិរបស់ចក្រភពអង់គ្លេស លោក James Kariuki ដែលបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា «ហ្កាហ្សា បានក្លាយជាទីដែលគ្រោះថ្នាក់ខ្លាំងបំផុតក្នុងលោកសម្រាប់កុមារ»។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ក្នុងចំណោមសាកសពប៉ាឡេស្ទីនចំនួន ៤០.៧១៧នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណរហូតមកដល់ពេលនេះនៅហ្កាហ្សា មានតួលេខមួយភាគបី ឬ ១៣.៣១៩នាក់ជាកុមារ ដោយបញ្ជាក់ថា តួលេខនេះបានមកពីក្រសួងសុខាភិបាលរបស់ហ្កាហ្សា។

អង្គការសហប្រជាជាតិ និយាយថា កុមាររាប់ពាន់នាក់ក៏ត្រូវបានកំព្រា ឬបំបែកចេញពីឪពុកម្តាយរបស់ពួកគេផងដែរ ក្នុងអំឡុងសង្រ្គាមរយៈពេល ១៥ខែនេះ ដោយកុមារមានអាយុចូលរៀនចំនួន ៦៥០.០០០នាក់ មិនបានចូលរៀនទេ ហើយប្រព័ន្ធអប់រំទាំងមូលត្រូវសាងសង់ឡើងវិញ ដោយសារតែការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅក្នុងតំបន់ហ្កាហ្សា៕