ទីភ្នាក់ងារសុខភាពសហព័ន្ធរបស់សហរដ្ឋអាមេរិក បានបញ្ឈប់ការធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ពួកគេ និងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម ចាប់តាំងពីរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ចូលកាន់តំណែង។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការណ៍ថា អង្គការជាច្រើនដែលស្ថិតនៅក្រោមក្រសួងសសុខាភិបាលនិងប្រជាសេវា មានចំណាត់ការស្របតាមបំណងរបស់រដ្ឋបាលថ្មី។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ(CDC) មិនបានចេញផ្សាយរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួនស្តីពីព័ត៌មានសុខភាពសាធារណៈ ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី១៦ ខែមករា។
គេហទំព័រមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ(CDC) ស្តីពីការតាមដានជំងឺផ្តាសាយធំ ពុំត្រូវបានធ្វើបច្ចុប្បន្នភាព ចាប់តាំងពីថ្ងៃទី១៧ ខែមករា។

គិតត្រឹមថ្ងៃអាទិត្យ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) រដ្ឋបាលចំណីអាហារនិងឱសថ និងវិទ្យាស្ថានសុខាភិបាលជាតិ មិនបានបង្ហោះនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ចាប់តាំងពីថ្ងៃទី ២១ ខែមករា មួយថ្ងៃបន្ទាប់ពីលោក Trump ចូលកាន់តំណែង។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក កំពុងរាយការណ៍ថា ក្រសួងសុខាភិបាល ខណៈត្រូវបានណែនាំដោយរដ្ឋបាល បានផ្អាកលើទំនាក់ទំនងដែលមិនជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងភាពអាសន្ន ឬមានសារៈសំខាន់ចំពោះការថែរក្សាសុខភាព។
ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថាការផ្អាកបណ្តោះអាសន្ន ក្នុងទំនាក់ទំនងរបស់ទីភ្នាក់ងារ ក៏បានកើតឡើងផងដែរក្នុងអំឡុងពេលការផ្លាស់ប្តូរតំណែងកាលពីពេលមុន។ ប៉ុន្តែបុគ្គលិកសុខាភិបាល មានការព្រួយបារម្ភអំពីកង្វះព័ត៌មានក្នុងរដូវនៃជំងឺផ្លូវដង្ហើម ព្រមទាំងភាពមិនច្បាស់លាស់អំពីវិសាលភាព និងរយៈពេលនៃការផ្អាកព័ត៌មាន។