ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ជាអ្នកតាមដានសង្រ្គាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានចងក្រងឯកសារនៃឧប្បត្តិហេតុចំនួន ៩១ករណីនៃការធ្វើឃាត និងឧក្រិដ្ឋកម្មសងសឹកដោយក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីដើមឆ្នាំ ២០២៥មក ករណីភាគច្រើន ត្រូវបានជំរុញដោយការស្អប់ផ្នែកនយោបាយ ឬសាសនា។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមឃ្លាំមើលនេះ រលកនៃអំពើហិង្សាបានឈានដល់កម្រិតអាក្រក់បំផុត នៅក្នុងខេត្តមួយចំនួនដូចជា Homs, Hama និង Latakia ជាទីដែលមាន សហគមន៍ជនជាតិភាគតិចស៊ីអ៊ីត( Shiite) និងអាឡាវីត (Alawite) ជាច្រើន។
ក្រុមឃ្លាំមើល បានសង្កត់ធ្ងន់លើ «តម្រូវការបន្ទាន់សម្រាប់វិធានការសម្រេច ដើម្បីការពារជនស៊ីវិល និងចាប់ក្រុមជនល្មើស ឲ្យទទួលខុសត្រូវ»។

លោក Rami Abdul Rahman ប្រធានក្រុមឃ្លាំមើល បានចាត់ទុកភាពចលាចលជាច្រើនថា ជា «ក្រុមគ្មានវិន័យ» ដែលបានចូលរួមជាមួយរដ្ឋបាលប្រតិបត្តិការយោធាថ្មី បន្ទាប់ពីការដួលរលំរបស់អតីតប្រធានាធិបតី លោក បាសា អាល់-អាសាដ (Bashar al-Assad) ក្នុងខែធ្នូ ឆ្នាំ ២០២៤។
លោក Abdul Rahman បានលើកឡើងពីឧប្បត្តិហេតុ នៅក្នុងភូមិ Fahal ភាគខាងជើងខេត្ត Homs ដោយចោទប្រកាន់ថា មនុស្សយ៉ាងហោចណាស់ ១៥នាក់ គឺភាគច្រើនជាអតីតមន្ត្រី ដែលបានឆ្លងកាត់ អ្វីហៅថា ជាការផ្សះផ្សាជាមួយអាជ្ញាធរថ្មី ត្រូវបានប្រហារជីវិត បន្ទាប់ពីកងកម្លាំងសន្តិសុខ ត្រូវបានគេរាយការណ៍ថា បានវាយប្រហារតំបន់នោះ។