អ្នកគាំទ្រតាលីបង់ប្រមាណ ២០០នាក់ បានប្រមូលផ្តុំគ្នា នៅកណ្តាលប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងសំណើរបស់អគ្គរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិសុំដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ពីររូប។

ការប្រមូលផ្តុំគ្នានេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសដោយតុលាការ ICC កាលពីថ្ងៃព្រហស្បតិ៍ថា លោក អគ្គរដ្ឋអាជ្ញា Karim Khan កំពុងស្វែងរកដីកាចាប់ខ្លួនមេដឹកនាំកំពូលតាលីបង់លោក Hibatullah Akhundzada និងប្រធានតុលាការលោក Abdul Hakim Haqqani ជុំវិញការធ្វើទុក្ខបុកម្នេញលើស្ត្រី។

រដ្ឋាភិបាលតាលីបង់ បានដាក់កំហិតលើស្ត្រី និងកុមារី ដែលអង្គការសហប្រជាជាតិ បានពណ៌នាថា ជា «ការរើសអើងយេនឌ័រ» ចាប់តាំងពីត្រឡប់មកកាន់អំណាចវិញ ក្នុងឆ្នាំ ២០២១។
ក្រុមបាតុករនៅក្នុងទីក្រុង Ghazni បានថ្កោលទោសការសម្រេចរបស់លោក Khan ដោយស្រែកបន្ទរពាក្យស្លោក ដែលរួមមាន «ការស្លាប់ទៅអាមេរិក» និង «ជយោរដ្ឋឥស្លាម» ដែលជាឈ្មោះរបស់អាជ្ញាធរ តាលីបង់សម្រាប់រដ្ឋាភិបាលរបស់ពួកគេ។
អ្នកស្រុក Ghazni លោក Noorulhaq Omar បាននិយាយថា៖«យើងបានប្រមូលផ្តុំគ្នា នៅទីនេះ ដើម្បីបង្ហាញលោកខាងលិចថា ការសម្រេចចិត្តរបស់ពួកគេ គឺឃោរឃៅ និងត្រូវបានបដិសេធដោយប្រជាជន អាហ្វហ្គានីស្ថាន»។