អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ពួកគេបានត្រៀមខ្លួនជាស្រេច ក្នុងការបន្តភារកិច្ច នៅតំបន់ហ្កាហ្សា ស្ទ្រីប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាជ្ញាធរប៉ាឡេស្ទីន។

ទីភ្នាក់ងារសារព័ត៌មាន WAFA បានដកស្រង់សេចក្តីថ្លែងការណ៍នោះថា៖«រដ្ឋប៉ាឡេស្ទីន បញ្ជាក់ជាថ្មីពីការត្រៀមខ្លួន ដើម្បីបំពេញភារកិច្ចរបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប និងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ ស្របតាមភាពស្របច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។

អាជ្ញាធរប៉ាឡេស្ទីន បានព្រមានអំពី «ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគោលនយោបាយរបស់អ៊ីស្រាអែល ក្នុងគោលបំណងបំបែកតំបន់ហ្កាហ្សា ចេញពីប៉ាឡេស្ទីនទាំងមូល និងការផ្លាស់ទីលំនៅរបស់ប្រជាជនរបស់ខ្លួន ដែលនឹងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ បំផ្លាញសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់រដ្ឋប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ដែលនៅជិតខាង។
ឯកសារនោះសង្កត់ធ្ងន់ថា ប្រជាជនប៉ាឡេស្ទីន និងភាពជាអ្នកដឹកនាំរបស់ពួកគេ «បដិសេធយ៉ាងដាច់អហង្ការនូវគោលនយោបាយ ឬសកម្មភាពណាមួយ ដែលមានគោលបំណងធ្វើឲ្យខូចដល់ការរួបរួមនៃទឹកដីប៉ាឡេស្ទីន រួមទាំងតំបន់ ហ្កាហ្សាស្ទ្រីប តំបន់វេសបែង( West Bank) និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត (East Jerusalem)។ ការប៉ុនប៉ងណាមួយ ដើម្បីបំផ្លាញប៉ាឡេស្ទីន អារ៉ាប់ ឬគោលការណ៍អន្តរជាតិ គឺត្រូវបដិសេធ និងមិនអាចទទួលយកបានទាំងស្រុង។ «ប្រធានអាជ្ញាធរប៉ាឡេស្ទីន ក៏បានអះអាងជាថ្មីថា ប្រជាជនប៉ាឡេស្ទីន និងការដឹកនាំស្របច្បាប់របស់ពួកគេ ដែលតំណាងដោយអង្គការរំដោះប៉ាឡេស្ទីន (PLO) កាន់អំណាចផ្តាច់មុខលើជោគវាសនា អនាគតរបស់ពួកគេ និងការថែរក្សាគម្រោងជាតិ និងអត្តសញ្ញាណប៉ាឡេស្ទីន»។