ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមករា) បានបញ្ជាឲ្យរដ្ឋាភិបាលសហព័ន្ធបដិសេធការអនុវត្តការគ្រប់គ្រងទឹករបស់រដ្ឋ California (កាលីហ្វ័រញ៉ា) ប្រសិនបើរកឃើញថាការអនុវត្តគ្មានប្រសិទ្ធភាព។
ក្រឹត្យនេះកើតមានឡើង ២ថ្ងៃបន្ទាប់ពីលោក Trump បានធ្វើដំណើរទៅមើលតំបន់ Los Angeles ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារចំហេះព្រៃជាបន្តបន្ទាប់។ លោក Trump បានអះអាងដោយមិនត្រឹមត្រូវថា អភិបាលរដ្ឋខាងបក្សប្រជាធិបតេយ្យ គឺលោក Gavin Newsom និងមន្ត្រីផ្សេងទៀត បានបដិសេធមិនបញ្ជូនទឹកពីភាគខាងជើងរបស់រដ្ឋ ដើម្បីយកទៅជួយប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ។

ក្រឹត្យរបស់លោកប្រធានាធិបតី បង្គាប់បញ្ជាដោយផ្ទាល់ទៅការិយាល័យរៀបចំឡើងរបស់សហរដ្ឋអាមេរិក (US Bureau of Reclamation) ឲ្យផ្តល់ទឹក និងថាមពលវារីអគ្គិសនីបន្ថែមទៀត តាមរយៈគម្រោង Central Valley ដែលជាបណ្តាញទំនប់ ប្រឡាយ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ទោះបីជាវាផ្ទុយនឹងច្បាប់រដ្ឋ ឬក្នុងតំបន់ក៏ដោយ។
តែយ៉ាងណាក្ដី អ្នកនាំពាក្យរបស់លោក Newsom បានប្រាប់ឲ្យដឹងថា វានឹងមិនមានការផ្លាស់ប្តូរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យរបស់រដ្ឋនោះទេ ដោយសារតែតំបន់ Los Angeles ទទួលបានទឹកភាគច្រើនពីប្រភពផ្សេងទៀត ហើយមិនមានការខ្វះខាតនោះឡើយ៕
