ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងប្រឈមនឹងប្រតិកម្មរិះគន់ បន្ទាប់ពីលោកបានលើកឡើងកាលពីថ្ងៃសៅរ៍ (ទី២៥ ខែមករា) ថា «យើងគ្រាន់តែសម្អាត» តំបន់ហ្កាហ្សាស្ទ្រីប ដោយអ្នករិះគន់ចោទប្រកាន់លោកថា កំពុងគាំទ្រដល់ការលុបបំបាត់ជនជាតិភាគតិច។
ដោយថ្លែងនៅលើយន្តហោះ Air Force One លោក Trump បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី គួរតែទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ដែលនឹងត្រូវផ្លាស់ទីលំនៅតាមផែនការ។ លោក Trump បាននិយាយថា៖ «អ្នកកំពុងនិយាយអំពីមនុស្សប្រមាណជា ១លានកន្លះ។ យើងគ្រាន់តែសម្អាតគ្រប់យ៉ាង។ អ្នកដឹងទេ វាគឺចប់សព្វគ្រប់»។
សារព័ត៌មាន Newsweek បានទាក់ទងទៅសេតវិមាន ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះ ប៉ុន្តែមិនទាន់ទទួលបានចម្លើយនៅឡើយទេ។ មិនដល់រយៈពេល ២សប្តាហ៍កន្លងទៅ ក្រុមហាម៉ាស និងអ៊ីស្រាអែលបានឈានដល់បទឈប់បាញ់មិនសូវរឹងមាំ ក្នុងសង្រ្គាមដ៏យូរបំផុត និងសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មាន នៅតំបន់ហ្កាហ្សាស្ទ្រីប។

ក្នុងវគ្គសំណួរ-ចម្លើយរយៈពេល ២០នាទីជាមួយអ្នកសារព័ត៌មាន លោក Trump បានលើកឡើងពីផែនការ «យក» ពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា។ លោកប្រធានាធិបតីបាននិយាយថា៖ «ប៉ុន្តែ ដោយន័យត្រង់ វាជាទីកន្លែងដែលត្រូវសម្អាតឥឡូវនេះ។ គ្រប់យ៉ាងស្ទើរតែត្រូវបានបំផ្លាញទាំងអស់ហើយ ហើយមនុស្សកំពុងបាត់បង់ជីវិត នៅទីនោះ។ ដូច្នេះ ខ្ញុំចង់ចូលរួមជាមួយប្រទេសអារ៉ាប់មួយចំនួន ហើយសាងសង់លំនៅឋាន នៅទីតាំងផ្សេងដែលអាចឲ្យពួកគេរស់នៅបានដោយសន្តិភាព សម្រាប់ការផ្លាស់ប្តូរលំនៅនេះ»។
លោក Trump បានសម្រេចលុបចោលការផ្អាកសម័យលោក Joe Biden ពាក់ព័ន្ធនឹងការបញ្ជូនគ្រាប់បែកទម្ងន់ ២.០០០ផោន (ប្រមាណជា ៩០៧គីឡូក្រាម) ទៅកាន់អ៊ីស្រាអែល ដោយអះអាងថា អាវុធទាំងនោះត្រូវបានទិញ និងហួសពេល ក្នុងការដឹកជញ្ជូន។ កាលពីថ្ងៃចន្ទ (ទី២០ ខែមករា) ជាថ្ងៃដំបូងរបស់លោកចូលកាន់តំណែង លោកបាននិយាយថា «ខ្ញុំបានមើលរូបភាពនៃតំបន់ហ្កាហ្សា។ ហ្កាហ្សាប្រៀបដូចជាកន្លែងត្រូវសម្អាតដ៏ធំមួយ វាត្រូវតែត្រូវបានសាងសង់ឡើងវិញ តាមវិធីផ្សេង»។
ប៉ុន្តែអ្នកប្រវត្តិសាស្រ្ត អ្នកសារព័ត៌មាន និងអ្នកអត្ថាធិប្បាយនយោបាយមួយចំនួន បាននាំគ្នារិះគន់តាមបណ្ដាញសង្គមព្រោងព្រាត ដោយហៅផែនការរបស់លោក Trump ថា ជា «ការបោសម្អាត (លុបបំបាត់) ជាតិសាសន៍»៕


