សារព័ត៌មាន «The Guardian» កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមករា) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស ក្នុងខែកុម្ភៈ ដើម្បីជួបពិភាក្សាជាមួយសមភាគីអង់គ្លេសរបស់លោក គឺលោក David Lammy ។
ដោយបានដកស្រង់សម្ដីពីបុគ្គល ៣រូបដែលបានរៀបរាប់ប្រាប់អំពីផែនការនេះ សេចក្ដីរាយការណ៍របស់សារព័ត៌មាននេះ បានឲ្យដឹងថា ការិយាល័យបរទេស សហធន និងអភិវឌ្ឍន៍ (FCDO) របស់ចក្រភពអង់គ្លេស កំពុងរៀបចំគម្រោងត្រៀមធ្វើជាម្ចាស់ផ្ទះទទួលលោក Wang នៅពាក់កណ្តាលខែកុម្ភៈ។
របាយការណ៍នោះបានបន្ថែមថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Wang គឺដើម្បីរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រ រវាងអង់គ្លេស-ចិន ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៨ មក។ យ៉ាងណាក្ដី FCDO មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ខណៈដែលក្រសួងការបរទេសចិនមិនអាចទាក់ទងបានភ្លាមៗ ដើម្បីសុំការបកស្រាយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោកស្រី Rachel Reeves បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីដើមខែមករា ដែលជាដំណើរទស្សនកិច្ចមួយ ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចពិភាក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្រិតខ្ពស់ដែលបានជាប់គាំងតាំងពីឆ្នាំ២០១៩ មក៕