អាជ្ញាធរប៉ាឡេស្ទីន បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បន្តកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការរក្សា និងពង្រឹងបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលនៃអាជ្ញាធរប៉ាឡេស្ទីន។
ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ដោយដកស្រង់ឯកសារនេះថា៖«អាជ្ញាធរនេះ បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្តកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីរក្សានិរន្តរភាព និងបង្រួបបង្រួមបទឈប់បាញ់ ធានាការដកទ័ពទាំងស្រុងរបស់អ៊ីស្រាអែល ស្ដារការទទួលខុសត្រូវរបស់អាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពឆ្ពោះទៅរកការបង្កើតឲ្យមានរដ្ឋបាឡេស្ទីនឯករាជ្យ។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា ក្នុងដំណាក់កាលដ៏សំខាន់នេះ រដ្ឋប៉ាឡេស្ទីនសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តោតលើនិរន្តរភាពបទឈប់បាញ់ ការបន្តជំនួយមនុស្សធម៌ សម្រួលដល់ការវិលត្រឡប់របស់ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួន ទៅកាន់ផ្ទះសម្បែងរបស់ពួកគេ ការផ្តល់ទីជម្រក អគ្គិសនី និងទឹក និងការស្តារឡើងវិញនូវកន្លែងអប់រំ និងសុខភាពដើម្បីត្រួសត្រាយផ្លូវសម្រាប់ការកសាងឡើងវិញ យើងមានទំនុកចិត្តថា ប្រទេសជាបងប្អូន និងមិត្តរបស់យើងនឹងបំពេញនូវទំនួលខុសត្រូវរបស់ពួកគេ ក្នុងការគាំទ្រគោលដៅមនុស្សធម៌ដ៏ថ្លៃថ្នូទាំងនេះ។
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed bin Abdulrahman Al Thani បាននិយាយ កាលពីយប់ថ្ងៃទី ១៥ ខែមករាថា ដោយសារមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួន នៅក្នុងដែនដីនេះ។ ក្នុងអំឡុងពេល ៤២ ថ្ងៃដំបូងនៃកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូរ ៣៣ នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ កិច្ចព្រមព្រៀងនេះ ចូលជាធរមាន នៅថ្ងៃទី១៩ ខែមករា។ នៅថ្ងៃដដែលនោះ ស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ ត្រូវបានត្រឡប់ទៅផ្ទះវិញ។ ជាលទ្ធផល អ៊ីស្រាអែល បានដោះលែងស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន ៩០នាក់ ពីពន្ធនាគាររបស់ខ្លួន កាលពីព្រឹកថ្ងៃទី ២០ ខែមករា។