ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កងទ័ពជើងទឹករបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមករា) បាន និងកំពុងបញ្ជូនជនអន្តោប្រវេសន៍ចំនួន ៤៩នាក់ដែលត្រូវបាននាំខ្លួនពីក្នុងដែនទឹកអន្តរជាតិ ទៅកាន់កន្លែងឃុំឃាំងនៅក្នុងប្រទេសអាល់បានី ដោយបានចាប់ផ្ដើមឡើងវិញនូវផែនការទប់ស្កាត់ការធ្វើដំណើរមកដល់តាមសមុទ្រដែលជាការអនុវត្តជាប់នៅក្នុងភាពចម្រូងចម្រាសផ្លូវច្បាប់។
រដ្ឋាភិបាលរបស់លោកស្រី Giorgia Meloni បានសាងសង់មជ្ឈមណ្ឌលទុកសម្រាប់ទទួលជនអន្តោប្រវេសន៍ចំនួន២ នៅអាល់បានី ជាការមានកិច្ចព្រមព្រៀងបែបនេះដំបូង ដែលពាក់ព័ន្ធនឹងប្រទេសសមាជិកសហភាពអឺរ៉ុបបង្វែរជនអន្តោប្រវេសន៍ទៅកាន់ប្រទេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែមជ្ឈមណ្ឌលទាំង២ នេះ នៅទំនេរតាំងពីខែវិច្ឆិកា បន្ទាប់ពីមានការជំទាស់ផ្នែកច្បាប់។

កាលពីថ្ងៃអាទិត្យ ក្រសួងបានប្រាប់ថា នាវាល្បាត ១គ្រឿង កំពុងធ្វើដំណើរទៅអាល់បានី ដោយមានជនអន្តោប្រវេសន៍ចំនួន ៤៩នាក់ជិះនៅលើនោះ ខណៈដែល ៥៣នាក់បន្ថែមទៀតដែលត្រូវបាននាំខ្លួនមកផងដែរ និងដែលបានបង្ហាញលិខិតឆ្លងដែនរបស់ពួកគេ ដើម្បីជៀសវាងកុំឲ្យមានការផ្លាស់ប្តូរទីលំនៅភ្លាមៗនោះ កំពុងស្ថិតនៅអ៊ីតាលី ដើម្បីរង់ចាំការផ្ទៀងផ្ទាត់អំពីឋានៈរបស់ពួកគេ។
គួរបញ្ជាក់ថា ការបញ្ជូននេះ បង្ហាញពីការប៉ុនប៉ងថ្មីរបស់រដ្ឋាភិបាលអ៊ីតាលី ដើម្បីអនុវត្តគោលនយោបាយរបស់ខ្លួន បន្ទាប់ពីចៅក្រមនៅទីក្រុងរ៉ូម បានសាកសួរអំពីសុពលភាព និងបានបញ្ជាឲ្យដឹកត្រលប់ទៅអ៊ីតាលីវិញនូវជនអន្តោប្រវេសន៍ ២ក្រុមដំបូងដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអាល់បានី៕


